ប្រជាពលរដ្ឋនៅស្រុកល្វាឯម ជិត១០០នាក់ផ្ទុះជំងឺគ្រុនឈីក
កណ្ដាល៖ ក្រុមប្រជាពលរដ្ឋប្រមាណជាង៩០នាក់រស់នៅភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល កំពុងមានបញ្ហាឆ្លងជំងឹគ្រុនឈីក ក្នុងនោះមានអ្នកធ្ងន់ធ្ងរចំនួន១២នាក់ ដោយទទួលបានការពិនិត្យព្យាបាលពីគ្រូពេទ្យនិង ក្រុមអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។
នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានការណ៍ជាក់ស្តែងទាំងយប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានការសង្ស័យប្រជាពលរដ្ឋក្នុងភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ជាច្រើននាក់មានរោគសញ្ញាជម្ងឺគ្រុនឈីក។
លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងប្រាប់អង្គភាពព័ត៌មាន ឲ្យដឹងនៅយប់ថ្ងៃទី២៦ ខែកញ្ញា នេះថា បន្ទាប់ពីទទួលបានដំណឹងថា ពលរដ្ឋយើងចាប់ផ្ដើមមានអាការមិនស្រួលកាន់តែច្រើនឡើងៗ ខាងអាជ្ញាធរស្រុក និងខាងសុខាភិបាលខេត្ត បានចុះមកដល់ទីតាំងផ្ទាល់ ខណៈភូមិនេះជាតំបន់ដាច់ស្រយាល ជាប់ព្រុំប្រទល់ខេត្តព្រៃវែង ទើបអាជ្ញាធរសម្រេចរៀបចំពួកគាត់ក្នុងសាលាឆាន់សិន ហើយយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ១០០ ខណៈអ្នកជំងឺធ្ងន់ធ្ងរទាំង១២នាក់ ទទួលបានការយកចិត្តទុកដាក់ជាពិសេស។
លោកអភិបាលស្រុកបានបន្តថា ដោយសារពលរដ្ឋពុំបានមកមណ្ឌលសុខភាពនៅស្រុកល្វាឯមនោះទេ ពោលពេលកំពុងមិនស្រួលខ្លួនពួកគាត់នាំគ្នាទៅមណ្ឌលសុខភាព នៅព្រៃវែង ឯណោះព្រោះនៅជិតជាងដែលកត្តានេះជាហេតុនាំឱ្យខាងអាជ្ញាធរ ពុំទទួលបានព័ត៌មានទាន់ពេលវេលា ប៉ុន្តែបន្ទាប់ពីមានការពិនិត្យរកឃើញថាពលរដ្ឋឆ្លងគ្រុនឈីក ខាងអាជ្ញាធរ និងសុខាភិបាល បានដុតដៃដុតជើងមកសង្គ្រោះភ្លាមៗទាន់ពេលវេលា។
លោកបញ្ជាក់ទៀតថា ដោយសារតែកលតឡើងភ្លាមៗពេក ខាងអាជ្ញាធរក្ដាប់ដំណឹងបានប៉ុណ្ណឹងសិនរង់ចាំការ Update នាពេលក្រោយបន្តទៀត។
ស្ថិតក្នុងចំណោមអាជ្ញាធរពាក់ព័ន្ធ យប់នេះក៏ឃើញលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក៏បានដឹកនាំកម្លាំងចុះទៅជួយអ្នកជម្ងឺទាំងអស់ តាមសមត្ថភាពផងដែរ ដែលកាយវិការនេះ ទទួលបានការសាទរនិងកក់ក្ដៅយ៉ាងខ្លាំងពីពលរដ្ឋ។
គួរជម្រាបថា ជំងឺគ្រុនឈីកកើតនៅស្រុកពញញាឮមួយចំនួន ហើយអាជ្ញាធរបានព្យាបាលពួកគាត់បានជាសះស្បើយ១០០%ហើយ ៕