នគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម និងកូរ៉េ២១នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់
ភ្នំពេញ៖ នគរបាលអន្ដោប្រវេសន៍ បានចាប់ខ្លួនជនបរទេសចំនួន៤១នាក់ មាន២សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម៣៤នាក់ និងកូរ៉េ៧នាក់ គ្មានឯកសារត្រឹមត្រូវ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់។
ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ បានចុះពិនិត្យគោលដៅ ការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅផ្លូវនរោត្ដម សង្កាត់ជ័យជំនះ និងផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងនគរបាលជំនាញ បានពិនិត្យឃើញមាន ជនបរទេសចំនួន៤១នាក់ មាន២សញ្ជាតិ ជនជាតិវៀតណាម៣៤នាក់ ស្រី២នាក់ និងកូរ៉េ៧នាក់ ក្នុងនោះ មានឯកសារត្រឹមត្រូវ(លិខិតឆ្លងដែន និងប័ណ្ណការងារ) ចំនួន២០នាក់ ស្រីម្នាក់ និងគ្មានឯកសារត្រឹមត្រូវ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ ចំនួន២១នាក់ ស្រីម្នាក់ (ជនជាតិវៀតណាម)។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រុមប្រតិបត្តិការបានបញ្ជូនជនជាតិវៀតណាម ចំនួន២១នាក់ ស្រីម្នាក់ ខាងលើមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី៕