ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​៤​នាក់ ជា​មុខសញ្ញា​ប្លន់​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​នគរបាល​ឃាត់ខ្លួន និង​ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ​

61

 

​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៤​នាក់ ជា​មុខសញ្ញា​ប្លន់​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃាត់ខ្លួន និង​ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ នៅ​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ រួច​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​តាម​នីតិវិធី ។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ មាន​រួម ទី​១-​ឈ្មោះ ជិន រស្មី ហៅ​ម៉ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ និង​ស្នាក់​នៅផ្ទះ​លេខ​១០​អេស ផ្លូវ​លេខ​៦៥ ភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ទី​២-​ឈ្មោះ ឆែម ស័ក្ក​សុខ​គា ហៅ សាក់ ភេទ ប្រុស អាយុ​២២ ឆ្នាំ​មុខរបរ លក់ដូរ និង​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ទី​៣-​ឈ្មោះ សេន ណា​ខិ​ន ភេទ ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ដឹក​អីវ៉ាន់ និង​ស្នាក់​នៅផ្ទះ​លេខ​អា​១៦ ផ្លូវ​បេតុង ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទី​៤-​ឈ្មោះ លាង រតនា ហៅ តូច ភេទ ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ លក់ដូរ និង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​៩៩ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​០៥ និង​៣០ នាទី មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា​ដោយមាន​អាវុធ​ខ្លីម៉ាក​កា​៥៩ ឆក់​ទូរស័ព្ទដៃ​ម៉ាក​VIVO និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​មុខ ផ្ទះ​លេខ​៦៤​អឺ​០ ផ្លូវ​លេខ​១២៨​កែង​ផ្លូវ លេខ​៩៣ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ៣ នាក់​ជិះ​ម៉ូតូ​ចំនួន ៣ គ្រឿង ក្នុង​ពេលធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​បានសម្រេច​ហើយ ម្ចាស់​ម៉ូតូ​កង់​បី​ដែល​ជនរងគ្រោះ ។ កំពុង​ជិះ​បាន​កាច់ចង្កូត​ម៉ូតូ​កង់​បី​កៀរ​ម៉ូតូ​របស់​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ រួច​ជនសង្ស័យ​រត់ចោល​ម៉ូតូ​របស់​វា​ទៅ ឡើង​ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក ដែល​បាន​ដក​អាវុធខ្លី​មួយ​ដើម​ម៉ាក​កា​៥៩ កាន់​នៅ​ដៃ ជាស្រេច​នាំគ្នា​ជិះ​គេចខ្លួន​បាត់អស់ ។​

​សូមបញ្ជាក់​ផងដែរ ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​នៅវេលា​ម៉ោង​១៥​និង​៣០ នាទី ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង ជំនាញ​របស់​ការិយាល័យ​ជំនាញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់​នៅ​ចំណុច​បន្ទប់​លេខ ៩៩៩ ផ្ទះសំណាក់​កា​កា ផ្លូវ​វត្ត​ទួល ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ កន្លងមក​ចំនួន ៣ ករណី ក្នុង​រាជធានី​ភ្នំពេញ​។​

​ករណី​ទី ១ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា​ដោយមាន​អាវុធ​ខ្លីម៉ាក​កា​៥៩ ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​VIVO និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មុខផ្ទះ​លេខ​៦៤​អឺ​០ ផ្លូវ​លេខ​១២៨​កែង​ផ្លូវ​លេខ​៩៣ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​។​

​ករណី​ទី​២៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា ឆក់​កាបូបដៃ ពណ៌ ខ្មៅ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង ៦ និង ២០ នាទី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ហាង​កាហ្វេ​ប៉ោយប៉ែត ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២៤២ ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី ភ្នំពេញ​។​

​ករណី​ទី​៣៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា ឆក់​ទូរស័ព្ទដៃ ប្រព្រឹត្ត​កាល​វេលា​ម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្សារ​TK ផ្ទះ​លេខ​០០៧ ផ្លូវ​លេខ​៣១៥ ក្រុម​៣២ ភូមិ​៨ សង្កាត់​បឹងកក់​១ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ ៕​

អត្ថបទដែលជាប់ទាក់ទង