ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេច
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្រុកភ្នំក្រវ៉ាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ តែមិនបានសម្រេច ដែលបានប្រព្រឹត្តនៅចំណុចភូមិកំពង់ខ្ញុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ នៅវេលាម៉ោង៦និង៣០នាទី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
ស្ត្រីរងគ្រោះបានរៀបរាប់ឲ្យដឹងដែរថា នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពមកលើគាត់ នៅគ្រាដែលគាត់កំពុងនៅក្រោមផ្ទះ ដោយគំរាមអារកសម្លាប់ និង អូសដៃគាត់យកទៅចំណុចមាត់បឹងកំពង់ខ្ញុំ ផ្នែកខាងក្រោយផ្ទះចម្ងាយ ប្រមាណ៦០ម៉ែត្រ បំណងរំលោភសេពសន្ថវៈតាមរយៈការគំរាម និងបង្ខំរូបគាត់ឲ្យដោះសម្លៀកបំពាក់ ប៉ុន្តែសំណាងល្អពេលនោះបានកូនរបស់គាត់បំភ្លឺភ្លើងពិលស្រែកហៅម្ដាយ ធ្វើឲ្យជនសង្ស័យ ភិតភ័យរត់គេចបាត់ទៅ ។
យោងតាមប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ហៀន ដៀល អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកស្ត្រីរងគ្រោះឈ្មោះ រ.យ អាយុ ៥៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ឃុំជាមួយគ្នា ។
ប្រភពដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពោធិ៍សាត់ចាត់ការបន្ត ៕