ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ជម្រុញអោយពង្រឹងកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកឋិនទានបុណ្យអុំទូកនិងបុណ្យចូលឆ្នាំសកលខាងមុខ

97

ភ្នំពេញ៖ អភិបាលនៃអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន បានណែនាំឲ្យអាជ្ញាធរសង្កាត់ ខណ្ឌបន្ត ទប់ស្ងាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និង ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកឋិនទាន បុណ្យអុំទូកនិងបុណ្យចូលឆ្នាំសកលដែលគ្រោងនឹងប្រព្រឹត្តទៅនាខែតុលា ខែវិច្ឆិកា និងខែធ្នូខាងមុខនេះ។   

    ការណែនាំបែបនេះរបស់លោកឯក ឃុនដឿនបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៩ កញ្ញានេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកឯក ឃុនដឿនអភិបាលខណ្ឌនិង មានការចូលរូួមពី មន្ត្រីសង្កាត់ ខណ្ឌជាច្រើនរូបទៀត។

  លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា យើងពិតជាទទួលបានជោគជ័យក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ប៉ុន្តែទោះបីជាយ៉ាងក្តី យើងក៏នៅតែ ខិតខំទប់ស្កាត់នូវជំងឺនេះបន្តទៀត។ ជាមួយគ្នានេះដែរ កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋក៏ត្រូវតែយកចិត្តទុកដាក់ផងដែរ ពិសេសនៅក្នុងឱកាសបុណ្យកឋិនទាន បុណ្យអុំទូក និងបុណ្យចូលឆ្នាំសកលខាងមុខនេះ

   លោកបន្តថា ក្នុងនាមមន្ត្រីរាជការ បំរើប្រជាពលរដ្ឋ សំរាប់ថ្ងៃឈប់សម្រាក យើងមិនមែន ត្រឹមតែមិនបានឈប់សម្រាកប៉ុណ្ណោះទេ ប៉ុន្តែយើងនូវបង្កើតការងារកាន់តែធ្ងន់ថែមទៀត លើកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យនានារបស់ជាតិ។

   ក្រៅពីការលើកឡើងខាងលើ លោកឯក ឃុនដឿន ក៏បានជំរុញនិងណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទាំងអស់ ពិសេសប៉ុស្តិ៍រដ្ឋបាលនិងសង្កាត់ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានទាំង៥ វិស័យដែលក្រសួងមហាផ្ទៃបានដាក់ចុះ នៅក្នុងនោះមានទាំងការប្រជុំបើកវេទិកាសាធារណៈ ការផ្សព្វផ្សាយនូវលិខិតបទដ្ឋាននានា ការស្រង់ស្ថិតិប្រជាពលរដ្ឋ ការទប់ស្កាត់បទល្មើសធ្វើអោយភូមិ សង្កាត់មានសុវត្ថិភាព ដែលគ្រប់ភូមិត្រូវមានប្រជាការពារចូលរួមសហការជាមួយសមត្ថកិច្ចប៉ូលីស ។បើយើងអនុវត្តបានទាំង៥វិស័យនេះបានលទ្ធផលល្អ នោះយើងនឹងមានចំណាត់ថ្នាក់ល្អ បានទទួលប័ណ្ណសរសើរនិង ថវិកាលើកទឹកចិត្តពីក្រសួងមហាផ្ទៃថែមទៀត ដូច្នេះក្នុងនាមមន្ត្រី ក៏ដូចជាសមត្ថកិច្ចដែលមានតួនាទីបម្រើប្រជាពលរដ្ឋត្រូវខិតខំអនុវត្តធ្វើឲ្យបានទាំងប្រាំវិស័យនេះ ដើម្បីទទួលបានជោគជ័យលើការងាររបស់ខ្លួនផងនិងដើម្បីទទួលបានប្រាក់លើកទឹកចិត្តផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង