រដ្ឋបាលខេត្តព្រះសីហនុ និងស្ថានទូតសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា ដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមឯកឧត្តម លោកជំទាវ លោកឧកញ៉ា វិនិយោគគិន ពាណិជ្ជករ សហគ្រិន ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តផងដែរ។
ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា មានប្រសាសន៍ថា ខ្ញុំពិតជាបានឃើញការស្ដារឡើងវិញ និងផ្លាស់ប្ដូរនៃទីក្រុងនេះតាមរយៈការដឹកនាំដោយមានសមត្ថភាពរបស់ឯកឧត្តម គួច ចំរើន និងក្រុមការងារ ។ កាលពីថ្ងៃទី៨ ខែកញ្ញា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសជាភ្ញៀវកិត្តិយសនៅស្ថានទូតសឹង្ហបុរី យើងបានបើកបង្ហាញផ្ទាំងគំនូរទ្វេភាគីដែលបង្កើតរួមគ្នាដោយវិចិត្រករជនជាតិខ្មែរ សញ្ជាតិកាណាដា លោក FONKI ដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជាតិ និងប្រទេសទាំងពីរបង្កើតផ្ទាំងគំនូរចំនួន ១១ផ្ទាំង ក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ street Art Fest ដើម្បីអបអរសាទរខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគី រវាងសឹង្ហបុរី និងកម្ពុជា ផ្ទាំងគំនូរត្រូវបានលក់ ហើយទឹកប្រាក់ ៧០.០០០ ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភសម្រាប់អង្គការចំនួនពីរ គឺមូលនិធិកុមារកម្ពុជា និងសិល្បៈអមតៈ ។
ផ្ទាំងគំនូរទ្វេរភាគីត្រូវដាក់បង្ហាញនៅក្រៅស្ថានទូតសឹង្ហបុរី នៅរាជធានីភ្នំពេញ ក្លាយជាអនុស្សាវរីយ៍ដ៏មានអត្ថន័យរំលឹកអំពីមិត្តភាពដ៏យូរអង្វែង និងនៅច្រើនវិស័យផ្សេងទៀតរវាងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសឹង្ហបុរី មានប្រសាសន៍បន្តថា នៅចន្លោះឆ្នាំ២០១៨- ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសរបស់សិង្ហបុរី ការធ្វើពាណិជ្ជកម្ម ការមកដល់នៃភ្ញៀវទេសចរ ការកសាងសមត្ថភាព និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាមួយប្រទេសកម្ពុជា បានកើន ឡើងខ្ពស់ជាងពេលណាទាំងអស់ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានតម្លៃ ៤,៨ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០១៨ នឹង ៤,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩។ ប្រទេសសឹង្ហបុរី ជាអ្នកវិនិយោគិនធំជាងគេលំដាប់ទី៤ នៅកម្ពុជាក្នុងឆ្នាំ២០១៩ មានការវិនិយោគចំនួន ២១៦លានដុល្លារអាមេរិក ហើយនៅចុងឆ្នាំនេះមានគម្រោងមួយចំនួនផ្សេងទៀតដែលកំពុងត្រូវបានអនុវត្ត។ ខ្ញុំយល់ថាក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានវិនិយោគជាង ១៧០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍអចលនទ្រព្យ វិស័យកសិកម្មនៅកម្ពុជា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំ ចំពោះក្រុមហ៊ុនសឹង្ហបុរីនៅកម្ពុជា ដោយមានទំនួលខុសត្រូវក្នុងសកម្មភាពរបស់ពួកគេក្នុងការវិនិយោគនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា- សឹង្ហបុរី និងបើកដំណើរការក្លឹបហាត់ប្រាណ D’Seaview Clubhouse ដោយធ្វើការកោតសរសើរ និងអបអរចំពោះការសម្ពោធឱ្យដំណើរការជាផ្លូវការនាពេលនេះ។ នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ជាពិសេសបានផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុន ហុង ឡៃហ៊ួត គ្រុប លីមីតធីត បានសម្ពោធក្លឹបហាត់ប្រាណ (D’Seaview Clubhouse) មានអាងហែលទឹក អាង ទឹកក្តៅ និងទឹកត្រជាក់ កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា និងរាំ ភោជនីយដ្ឋានជប៉ុន ស៊ីហ្គាបា កន្លែងស្ប៉ា ស្ទីម និងសូណា។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះហាក់បីមិនសូវល្អ ដោយសារមានសកម្មភាពការវាយដំ និងការបាញ់បោះក្នុងក្រុងរបស់យើង ក្រោយចប់កម្មវិធីនេះ ខ្ញុំនឹងដឹកនាំចាត់វិធានការនានាពាក់ព័ន្ធទៅនឹងស្ថាន ភាពអាក្រក់បែបនេះ។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត ខ្ញុំពិតជាត្រូវទទួលខុសត្រូវចំពោះបញ្ហាសន្តិសុខនៅទីនេះ រួមទាំងកងកម្លាំងប្រដាប់អាវុធរបស់យើងនឹងចាត់វិធានការជាក់ស្ដែងថែមទៀតក្នុងការគ្រប់គ្រងសន្តិសុខដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋក្នុងខេត្តរបស់យើង។ ពិតណាស់ថាការចាត់វិធានការវាមានបញ្ហាខ្លះនឹងត្រូវកើតឡើងនៅតាមទីកន្លែងមានភាពស្មុគស្មាញមួយចំនួន និងការធ្វើដំណើរនៅតាមដងផ្លូវ យ៉ាងណាក៏ដោយក្នុងពេលសមត្ថកិច្ចរបស់យើងចុះធ្វើប្រតិបត្តិការ វាពិតជាបងប្អូនមិនសប្បាយចិត្តវាអាចប៉ះពាល់ដល់ការធ្វើដំណើរតាមដងផ្លូវសាធារណៈដោយចំណែកខ្លះ ដើម្បីគ្រប់គ្រងការងារសន្តិសុខឱ្យបានល្អឡើងវិញ កិច្ចការនេះក៏ជាដំណើរការគាំទ្រដល់ការវិនិយោគ និងភ្ញៀវទេសចរក្នុងខេត្តរបស់យើងផងដែរ៕