ប៉េអឹម ឃាត់ខ្លួនជនជាតិចិនជិត៤០០នាក់ ក្នុងខារ៉ាអូខេរបស់ជនជាតិចិនឈ្មោះចិនស៊ីនខាយសៀនមិន នៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិចិនជិត៤០០នាក់ ក្នុងភោជនីយដ្ឋានខារ៉ាអូខេ ស៊ីនខាយសៀនមិន នាភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយរកឃើញថ្នាំញៀនមួយចំនួនធំ។
អាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ថា បន្ទាប់ពីចុះប្រតិបត្តិការ អាជ្ញាធរបានរកឃើញភស្តុតាងល្មើសច្បាប់មួយចំនួន រួមមានអាវុធ ថ្នាំញៀន និងសកម្មភាពពេស្យាចារ។
សមត្ថកិច្ចក្រុងព្រះសីហនុ បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្នុងខារ៉ាអូខេរបស់ជនជាតិចិនមួយកន្លែងឈ្មោះចិនស៊ីនខាយសៀនមិន នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់តាំងពីម៉ោងជាង២យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលតាមរបាយការណ៍ទំនងជាអាចមានការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
សេចក្តីរាយការណ៍ មានជនជាតិចិនប្រុស ស្រីជាង៤០០នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងខារ៉ាអូខេនេះ ដើម្បីត្រួតពិនិត្យនិងសាកសួរ ដោយសមត្ថកិច្ច ។ រហូតមកដល់ព្រឹកថ្ងៃដដែលនេះ ការត្រួតពិនិត្យកំពុងធ្វើបន្ត មិនទាន់មានរបាយការណ៍ថាមានបទល្មើសអ្វីខ្លះ និងមានមនុស្សប៉ុន្មាននាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កាសែតក្នុងស្រុកថា សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតនិងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ចំពោះអ្នកទាំងនោះ។
សមត្ថកិច្ចខេត្តព្រះសីហនុ បានថ្លែងថា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបាន ឃាត់ខ្លួនជនជាតិចិនប្រុស ស្រី ចំនួន៣៨១នាក់និងដកហូតថ្នាំញៀនមួយចំនួន ដែលមិនទាន់បានថ្លឹង នៅឡើយ។ តាមប្រភពដដែល ភោជនីយដ្ឋាននេះជាកម្មសិទ្ធិជនជាតិចិន ឈ្មោះ BAO FANGZE៕