ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញា​ដ៏​សកម្ម​ចំនួន​២​នាក់ ចេញ​ធ្វើ​សកម្មភាព​ពី​ស្រុក​កំរៀង មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​នគរបាល​ស្រុក​សំពៅ​លូន

56

​ខេត្តបាត់ដំបង ៖ អធិការនគរបាល​ស្រុក​សំពៅ​លូន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សូមមេត្តា​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ និង​ជាប់​ជាប្រចាំ ចំពោះ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ពិសេស​មធ្យោបាយ​ធ្វើដំណើរ​មាន​ម៉ូតូ​ជាដើម ដែល​លោក​បាន​កត់សម្គាល់ឃើញ ថា​ប្រជាពលរដ្ឋ​លោក​ទុកចោល​នៅក្រោម​ផ្ទះ​នាពេល​យប់ ដែលជា​ឱកាសល្អ​របស់​ពួក​ជនល្មើស​ធ្វើ​សកម្មភាព​លួច​យក​។

​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​ពិសេស​សកម្មភាព​ល្បាត​ពេលយប់​ក្នុង​មូលដ្ឋាន ក៏ដូចជា​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រី សុខុន ស្នងការរង​ទទួល​ដឹកនាំ អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​រួមទាំង​មតិ​ណែនាំ​ជំនាញ​ពី​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ លូន បាន​ជម្រុញ​ដឹកនាំ​កងកម្លាំង​នគរបាល​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើ​សកម្មភាព​ល្បាត​ពេលយប់ ជាប់​ជាប្រចាំ ហើយ​តាមរយៈ​វិធានការ​ជំនាញ​មួយ​នេះ​នៅ​យប់​ថ្ងៃទី​២៩ ខែ កញ្ញា​ឆ្នាំ​២០២០ វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ សមត្ថកិច្ច​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចំនួន​០២​នាក់​ដែល​កំពុង​ប៉ុនប៉ង​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​សំពៅ​លូន ត្រង់ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ក្នុងនោះ​មាន​៖ ១-​ឈ្មោះ ប្រេ​ម ផល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ថ្មី ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ២-​ឈ្មោះ គុជ ផុន ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ក្នុងនោះ​ដកហូត​វត្ថុតាង​ជាប់​ខ្លួន​មាន​៖ -​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ ២០០៨ បិត​តែម​ឆ្នាំ​២០១២ ចំនួន ០១ គ្រឿង
-​ដែក​អក្សរ​( តេ T)​ម្រា​ប់​កាច់​សោ​ម៉ូតូ​ចំនួន ០៦​ដើម -​កន្ត្រៃ​កាត់​ដែក​ចំនួន​០១ -​ដង្កាប់​ចំនួន​០១ -​កូនកាំបិទ​ចំនួន ០២ -​ដែក​ទួល​វី​ស​ចំនួន ០៣ -​ដែកឆាប​ដង​ឈើ​ចំនួន ០១ -​កូនសោ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ ចំនួន ០៧ ដើម -​សោ​ម៉ូតូ​ហុងដា​ចំនួន​០៣ -​កាំបិត​ខ្វែវ​ដង​ឈើ​ចំនួន ០១​និង​កាំបិត​ចុង​ស្រួច​ដង​ឈើ​ចំនួន​០១ -​ដែកកេះ​ចំនួន ០៣ – ម្ជុលខ្ទាស់​ចំនួន​០៥ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន ០១​កូន​ថង់ -​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។

​ជុំវិញ​ករណី​ខាងលើនេះ លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បានឱ្យដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា​ទាំងពីរ​នាក់​បាន​ចេញពី​ស្រុក​កំរៀង ដើរ​ធ្វើ​សកម្មភាព​ដោយ​មិន​កំណត់​គោលដៅ​ទេ ដោយ​ឆ្លងកាត់​ពី​ស្រុក​កំរៀង ចូលដល់​ស្រុក​ព្រឹក​រហូតមកដល់​ស្រុក​សំពៅ​លូន ក៏​ពើបប្រទះ​នឹង​កិច្ចប្រតិបត្តិការ​របស់​សមត្ថកិច្ច នា​វេលា​ម៉ោង​០៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី ៣០​ខែ កញ្ញា​ឆ្នាំ​២០២០ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ជា​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​ស្រុក​ទាំងបី​ខាងលើ ហើយ​សកម្មភាព​លួច​របស់គេ​គឺ លួច​យក​ទ្រព្យសម្បត្តិ​ណា​ដែល​ម្ចាស់ទ្រព្យ​ទុកដាក់​ដោយ​មិនមាន​ការប្រុងប្រយ័ត្ន​តែប៉ុណ្ណោះ ហើយ​ក្នុង​មូលដ្ឋាន​ស្រុក​សំពៅ​លូន ពួកគេ​ទើបតែ​ចូលមក​ធ្វើ​សកម្ម​ភាពជា​លើកដំបូង តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន ។

​ជាមួយនេះ​លោក​អធិការ នគរបាល​ស្រុក​ក៏​សូម​អំពាវនាវ​ផងដែរ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់លោក សូមមេត្តា​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​និង​ជាប់​ជាប្រចាំ​ចំពោះ ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ពិសេស​មធ្យោបាយ​ធ្វើដំណើរ​មាន​ម៉ូតូ​ជាដើម ដែល​លោក​បាន​កត់សម្គាល់ឃើញ ថា​ប្រជាពលរដ្ឋ​លោក​ទុកចោល​នៅក្រោម​ផ្ទះ​នាពេល​យប់ ដែលជា​ឱកាសល្អ​របស់​ពួក​ជនល្មើស​ធ្វើ​សកម្មភាព លួច​យក ។ ទន្ទឹមនឹង​លទ្ធផល​នេះ​
​លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​សូមមេត្តា​ផ្តល់ព័ត៌មាន​ជាបន្ទាន់ ដល់​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ក្នុងពេល​ជួបប្រទះ​ករណី​ល្មើសច្បាប់​ណាមួយ​កើតឡើង ដើម្បី​សមត្ថកិច្ច​លោក​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។​
​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង មកកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង