នគរបាលចុះបង្ក្រាបទីតាំងលក់ ឡេ ចំនួន២តូប ក្នុងផ្សារទួលគោក
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាបទីតាំង នៅទីតាំងលក់ ឡេ ចំនួន២តូបគ្មានស្លាកយីហោ ក្នុងផ្សារទួលគោក ដោយពុំដឹងថា ទីតាំងនោះមានច្បាប់អាជីវកម្ម
ត្រឹមត្រូវឬយ៉ាង។
ប្រត្ដិបត្ដការនេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់នាថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបទីតាំងស្ថិតនៅតូប ក្នុងផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែករកឃើញប្រភេទឡេ ជាច្រើនមុខ នៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថាមានឬគ្មានច្បាប់ធ្វើអាជីវកម្ម និង បណ្ណប៉ាតង់ នៅឡើយទេ។
សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូបហើយ និង១តូបទៀតម្ចាស់ទីតាំងបិតចាក់សោរនៅខាងក្នុង រងចាំគណៈកម្មការចម្រុះ បន្តនីតិវិធី៕