អាជ្ញាធររាជធានីភ្នំពេញ សន្យាពន្លឿន ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងដោះស្រាយបញ្ហាដទៃទៀតជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា
អាជ្ញាធររាជធានីភ្នំពេញ បានសន្យាពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងដោះស្រាយបញ្ហាដទៃទៀត ដែលជាសំណើរនិងសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានយកទៅប្រើប្រាស់បានតាមតម្រូវការចាំបាច់នានា។
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំដល់បុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរពាក់ព័ន្ធទំាងអស់ត្រូវចុះទៅតាមមូលដ្ឋានឬខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសួរនាំពីក្តីកង្វល់របស់ប្រជាពលរដ្ឋ ពិសេសការមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ ដើម្បីដោះស្រាយធ្វើជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាពេលនេះ គឺឆ្លើយតបទៅនឹងក្តីកង្វល់ របស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅ ដែលបានលើកជាក្តីកង្វល់ជាច្រើនពាក់ព័ន្ធនឹងការមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០២។
ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា ចំពោះបញ្ហាការផ្តល់អត្តសញ្ញាណប័ណ្ណនៅក្នុងខណ្ឌព្រែកព្នៅ គឺតម្រូវឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌរួមសហការគ្នាចុះទៅស្រង់ទិន្ន័យចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ ហើយត្រូវពន្យល់ប្រាប់ពីមូលហេតុនានាដល់ប្រជាពលរដ្ឋទំាងនោះ ពីភាពយឹតយាវដែលមិនទាន់ទទួលបាន ដើម្បីឱ្យពួកគាត់មានការស្ងប់ក្នុងចិត្ត មិនថ្នាំងថ្នាក់ ជាមួយអាជ្ញាធរ។ឯកឧត្តមបានបន្ថែមថា ការផ្តល់អត្ថសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទៅតាមតម្រូវការ នេះ គឺជាការផ្តល់សេវាដ៏ល្អជូនប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ពិសេសត្រៀម យកទៅចូលរួមបោះឆ្នោតនាពេលខាងមុខ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ កាត់ថា គជប លែងឱ្យប្រើឯកសារអ្វីផ្សេងទំាងអស់ក្រៅតែអំពីអត្តសញ្ញាណប័ណ្ណទើបអាចចូលរួមបោះឆ្នោតបាន។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានសន្យាថា នឹងបញ្ជូនក្រុមការងារជំនាញចុះទៅធ្វើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលនៅសេសសល់ឱ្យអស់នៅពេលឆាប់ៗនេះ ខណៈដែលកន្លងមក រដ្ឋបាលខណ្ឌនិងមន្រ្តីនគរបាលបានចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៣ម៉ឺន៨ពាន់ នាក់ហើយ ពោលគឺនៅសល់តិចតួចប៉ុណ្ណោះដែលមិនទាន់បានធ្វើ។
ឯ.ឧ ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈការរៀបចំវេទិកាសាធារណៈ នេះបានធ្វើឱ្យអាជ្ញាធរបានដឹងពីក្តីកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយអាជ្ញាធរសន្យា នឹងកែលម្អដោះស្រាយរាល់តម្រូវការនានារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាស្របតាមបំណង ប្រាថ្នារបស់ពួកគាត់។
សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានលើកជាបញ្ហានិង ក្តីកង្វល់ រហូតដល់៦១បញ្ហាក្នុងនោះ លើកនូវបញ្ហាផ្ទាល់មាត់ចំនួន៩ ជាលាយលក្ខអក្សរចំនួន៥២ ជាមួយគ្នានេះ ក្រុមការងារ ជំនាញបានដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋបានជាច្រើនបញ្ហា ចំណែកបញ្ហាមួយចំនួនទៀតនឹងពិនិត្តសិក្សាអោយបានច្បាស់លាស់ជាមួយជំនាញពាក់ព័ន្ធ នឹងបន្តជម្រាបជូនថ្នាក់លើដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនទៅតាមនិតិវិធីផងដែរ៕