សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្ធពិធីបុណ្យឆ្លងវិមានគុណ មាតាបិតានៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រារព្ធពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ។
នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែ តុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលប្រារព្ធធ្វើនៅ ភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្លងវិមានគុណមាតាបិតាគឺមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ តុលា ឆ្នាំ ២០២០។
ពិធីបុណ្យត្រូវបានធ្វើឡើងទៅតាមប្រវេណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ សម្តែងព្រះធម៌ទេសនា និងការរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃជាដើម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីកូនចៅ ក្រុមគ្រួសារសាច់ញាតិ ព្រមទាំងមន្ត្រីជាន់រាជការរាជរដ្ឋាភិបាលខ្មែរជាច្រើនរូប៕