បងប្រុសវាយសម្លាប់ប្អូនប្រុសបង្កើត ពេលនេះត្រូវកម្លាំង នគបាលព្រហ្មទណ្ឌ កំរិតធ្ងន់ឃាត់បាននៅខេត្តកំពង់ចាម
ភ្នំពេញ៖ ជនសង្ស័យៅដែលជាបងប្រុសបង្កើត វាយប្អូនប្រុសខ្លួនឯងបណ្តាលឲ្យស្លាប់ នៅឯខេត្តក្រចេះ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ ចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ៤៧៥ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០លោក ជា សុភក្ត្រ័ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។
ប្រតិបត្តិការនេះ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។
ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បើកការស្រាវជ្រាវករណីឃាតកម្មនេះ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ កម្លាំងនគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនដៃដល់នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យបាននាំខ្លួន មកសាកសួរបន្ថែម នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទើបប្រគល់ឱ្យម្ចាស់ករណី ស្នងការនគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់។
គួររំលឹកថា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យ ឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ រស់នៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានយកដំបងវាយប្អូនខ្លួនឯង ឈ្មោះ ថេង សុ ថុន ហៅពូជ បណ្តាលឲ្យស្លាប់ នៅចំណុចបន្ទាយអាមេរិក ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលបង្កជាហិង្សា ជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូន លួចរបស់ក្នុងផ្ទះលក់គ្មានសល់ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាហេតុធ្វើឲ្យជនសង្ស័យជាបងបង្កើត ដាច់ចិត្តយកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រ វាយបណ្តាលស្លាប់តែម្តង រួចគេចខ្លួនបាត់ មកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំពោះករណីនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ជួបជាមួយម្តាយជនសង្ស័យ ប៉ុន្តែម្តាយជនសង្ស័យ មិនបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យនោះទេ ដោយលើកឡើងថា កូនគាត់ស្លាប់ម្នាក់ គាត់មិនចង់ឲ្យកូនគាត់ម្នាក់ទៀត គាត់គុកនោះទេ៕