ករណីឃាតកម្ម ក្រុងតាខ្មៅ ប្តីចាក់សម្លាប់ប្រពន្ធមកពីភ្លើងប្រច័ណ្ឌ ដោយសារនាងប្រែចិត្តមានអ្នកថ្មី
ខេត្ដកណ្ដាល៖ ករណីឃាតកម្មនេះសមត្ថកិច្ចបានបញ្ជាក់ថា ភាគីជនសង្ស័យ មានការប្រច័ណ្ឌជនរងគ្រោះ ព្រោះមានការសង្ស័យមានប្រុសថ្មីទៀត ហើយជនសង្ស័យបានតាមដាននាងរហូត ដល់ឃើញជនរងគ្រោះចូលទៅក្នុងផ្ទះឈើមួយមានមនុស្សប្រុសពីរបីនាក់ កំពុងផឹកស៊ីនៅក្រោមសំយាបមុខផ្ទះ ពេលនោះជនរងគ្រោះ បានអង្គុយផឹកស៊ីជាមួយគេដែរ ឃើញដូចនេះ ជនសង្ស័យបានចូលទៅហៅជនរងគ្រោះ ឲ្យចេញទៅផ្ទះវិញ ដោយមិនព្រមចេញធ្វើឲ្យជនសង្ស័យកាន់តែខឹងខ្លាំង ឃើញកូនកាំបិតនៅលើតុបានយកដាក់ចូលហោប៉ៅខោ ហើយនាំជនរងគ្រោះចេញមកក្រៅឲ្យឡើងជិះម៉ូតូជាមួយ តែជនរងគ្រោះមិនព្រមជិះទេ សុខចិត្តដើរ ចំណែកឯជនសង្ស័យបានជិះតាមពីក្រោយ រហូតដល់កន្លែងកើតហេតុខាងលើ ក៏មានការប្រទាញប្រទង់គ្នា ទើបជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះមួយកាំបិត ។
ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទីមានករណីឃាតកម្មចាក់សម្លាប់នៅចំណុចផ្លូវលេខ២១៥ ភូមិព្រែកហូរកើតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កៅ ស្រីកែវ ភេទស្រី អាយុ២៧ឆ្នាំទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ ។ ចំណែជនសង្ស័យឈ្មោះ សុខ សោភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិជើងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ កូនកាំបិតចុងស្រួចដងជ័រពណ៌លឿងចំនួន១ប្រវែង២១សង់ទីម៉ែត្រ។ ម៉ូតូ១គ្រឿងម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខកណ្តាល ១W៨៦៦៧។ មួកសុវត្ថិភាពពណ៌ស (ប្រឡាក់ឈាម)ចំនួន១។
នគរបាល បានបញ្ជាក់ពីរឿងហេតុនេះថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យ បានទំនាក់ទំនងស្រឡាញ់គ្នាអស់រយៈពេលប្រហែល៨ខែមកហើយ ដោយបានរៀបចំសែនព្រេនចាស់ទុំបងប្អូនខាងស្រី (ជនរងគ្រោះ) ដឹងឮ។ ក្រោយមក ទាំងពីរនាក់បានមកជួលបន្ទប់ស្នាក់នៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីស្នាក់នៅជាមួយគ្នាម្តងម្កាល ដោយភាគីខាងប្រុសមានប្រពន្ធកូនរួចហើយ នៅឯភូមិជើងព្រៃ ។ ក្នុងការស្នាក់នៅជាមួយគ្នា ភាគីខាងប្រុស(ជនសង្ស័យ) មានការប្រច័ណ្ឌខាងស្រី (ជនរងគ្រោះ) ព្រោះមានការសង្ស័យមានប្រុសថ្មីទៀត។ លុះដល់ថ្ងៃកើតហេតុខាងលើ ពេលភាគីខាងប្រុស មកដេកនៅបន្ទប់ជួល ភាគីខាងស្រីចេះតែដេញឲ្យទៅផ្ទះ ខុសប្លែកពីសព្វដង ធ្វើឲ្យជនសង្ស័យកាន់តែសង្ស័យខ្លាំងឡើងៗ ទើបមិនព្រមទៅផ្ទះនៅភូមិជើងព្រៃទេ នៅចាំឃ្លាំមើល បន្ទាប់មកជនរងគ្រោះបានប្រាប់ឲ្យជនសង្ស័យ ឌុបទៅសួរសុខទុក្ខអ្នកនៅបន្ទប់ជួលជិតគ្នាឆ្លងទន្លេ នៅគ្លីនីកនិងសម្ភពផល្លី ពេលមកដល់ពេទ្យ ជនរងគ្រោះដេញជនសង្ស័យឲ្យទៅផ្ទះទៀត ជនសង្ស័យក៏ទៅ ប៉ុន្តែនៅចាំតាមឃ្លាំមើលនៅជិតនោះដដែល មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនរងគ្រោះដើរចេញពីគ្លីនិកបណ្តើរ និយាយទូរស័ព្ទបណ្តើរ រួចឡើងជិះម៉ូតូឌុបឆ្ពោះទៅកន្លែងកើតហេតុ ទើបជនសង្ស័យជិះម៉ូតូតាមដានពីក្រោយ រហូតដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះចូលទៅក្នុងផ្ទះឈើមួយមានមនុស្សប្រុសពីរបីនាក់ កំពុងផឹកស៊ីនៅក្រោមសំយាបមុខផ្ទះ ពេលនោះជនរងគ្រោះ បានអង្គុយផឹកស៊ីជាមួយគេដែរ ឃើញដូចនេះ ជនសង្ស័យបានចូលទៅហៅជនរងគ្រោះ ឲ្យចេញទៅផ្ទះវិញ ដោយមិនព្រមចេញធ្វើឲ្យជនសង្ស័យកាន់តែខឹងខ្លាំង ឃើញកូនកាំបិតនៅលើតុបានយកដាក់ចូលហោប៉ៅខោ ហើយនាំជនរងគ្រោះចេញមកក្រៅឲ្យឡើងជិះម៉ូតូជាមួយ តែជនរងគ្រោះមិនព្រមជិះទេ សុខចិត្តដើរ ចំណែកឯជនសង្ស័យបានជិះតាមពីក្រោយ រហូតដល់កន្លែងកើតហេតុខាងលើ ក៏មានការប្រទាញប្រទង់គ្នា ទើបជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះមួយកាំបិត ចំលើដងកាំបិតខាងស្តាំបណ្តាលឲ្យជនរងគ្រោះដួលផ្កាប់មុខទៅលើថ្នល់ ភ្លាមនោះ ជនសង្ស័យបានចាក់បន្ថែមចំនួនពីរកាំបិតទៀតចំខ្នង និងកញ្ចឹងករួចហើយជនសង្ស័យបានជិះម៉ូតូសំដៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ដើម្បីចូលទៅសារភាពប្រាប់សមត្ថកិច្ច នូវទោសកំហុសរបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕