ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាណឺម៉ាកសម្រេចសម្លាប់សត្វសំពោចចំនួនជាង ១លានក្បាលចោល ក្រោយមានផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមសត្វទាំងនេះ

99

ដាណឺម៉ាកត្រូវគេចាត់ទុកថាជាតំបន់ដែលចិញ្ចឹមសំពោច Mink ដើម្បីយករោម ធំជាងគេបំផុតនៅលើពិភពលោក។ កន្លងមកនេះ មានសត្វសំពោចដែលឆ្លង COVID-19 ជាច្រើនក្បាល ត្រូវបានគេសម្លាប់ចោលរួចហើយផងដែរ ប៉ុន្តែករណីឆ្លងនៅតែបន្តរកឃើញ។

ក្រសួងបរិស្ថាននិងចំណីអាហាររបស់ប្រទេសដាណឺម៉ាក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលាកន្លងទៅនេះថា កសិដ្ឋានចញ្ចឹមសត្វសំពោចចំនួន៤១កន្លែង មានផ្ទុះករណីឆ្លង COVID-19 ខណៈ ២០កន្លែងផ្សេងទៀតរងផលប៉ះពាល់។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្រ្តីបរិស្ថាននិងចំណីអាហារដាណឺម៉ាក លោក ម៉ូហ្គិនស៍ ជែនសិន (Mogens Jensen) បានលើកឡើងថា «ការផ្តោតសំខាន់របស់យើងនៅពេលនេះ គឺធានាថាកសិដ្ឋានចញ្ចឹមសត្វសំពោច Mink នឹងមិនក្លាយជាភ្នាក់ងារចម្លងរោគទៅកាន់មនុស្សទេ ដូច្នេះរដ្ឋាភិបាលបានសម្រេចសម្លាប់សត្វសំពោចទាំងនោះចោល ដើម្បីបង្ការកុំឲ្យមានការឆ្លងទៅមនុស្ស»

គួរជម្រាថា កាលពីខែឧសភាកន្លងទៅ អាជ្ញាធរអេស្ប៉ាញបានបញ្ជាឲ្យសម្លាប់ចោលសត្វសំពោចចំនួន ៩៣,០០០ក្បាល នៅឯកសិដ្ឋានមួយ ដើម្បីបង្ការកុំឆ្លងរាលដាលដល់មនុស្ស បន្ទាប់ពីបានរកឃើញថា មានសត្វសំពោចជាច្រើនក្បាល បានឆ្លងជំងឺ COVID-19។ ចំណែកឯប្រទេសហូឡង់ ក៏បានរាយការណ៍ពីករណីស្រដៀងគ្នានេះដែរ និងបានចាត់វិធានការសម្លាប់សត្វសំពោចទាំងនោះចោលដូចគ្នា បន្ទាប់ពីមនុស្សពីរនាក់ ត្រូវបានគេរកឃើញថា បានឆ្លងវីរុសនេះពីសំពោច បើទោះបីជាករណីឆ្លងពីសត្វទៅមនុស្ស ត្រូវបានគេជឿជាក់ជាករណីដ៏កម្របំផុតក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង