ទឹកភ្លៀងដែល បានជន់លិចផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូលបានស្រកចុះហើយក្រោយពីអភិបាលរាជធានីចុះពិនិត្យនិងបញ្ជាផ្ទាល់
ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី០៣ខែតុលានេះជំនន់ទឹកភ្លៀងដែលបានជន់លិចនៅផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូលបានស្រកចុះបណ្ដើរហើយ ក្រោយពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យជាក់ស្តែងនិងបញ្ជាផ្ទាល់អោយប្រើប្រាស់គ្រឿងចក្រកាយបង្ហូរទឹកនៅទីតាំងសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌទាំងពីរនេះ កាលពីយប់ថ្ងៃទី០២ខែតុលាឆ្នាំ២០២០នេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី០២ខែតុលាបានចុះបញ្ជាផ្ទាល់ ឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌធ្វើការកាយប្រឡាយបើកមុខទឹក នៅចំណុចអមផ្លូវរទេះភ្លើងក្នុងភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងនិងមួយទីតាំងទៀតនៅតាមបណ្ដោយផ្លូវរទេះភ្លើង ស្ថិតនៅក្នុងភូមិជង្រុកក្នុងសង្កាត់ត្រពាំងក្រសាំង។
ការប្រើគ្រឿងចក្រកាយបើកមុខទឹក២ទីតាំងនេះ វានឹងនាំទឹកហូរទៅកាន់ ទៅកាន់ប្រឡាយត្រពាំងក្រសាំង ធ្លាក់ទៅប្រឡាយទួលសំពៅនិងបន្តហូរទៅស្ថានីយ៍បូមទឹកទួលសំពៅ ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ និងលោកសេង គន្ធអភិបាលរងខណ្ឌកំបូលនៅព្រឹកថ្ងៃទី០៣ តុលានេះ បានបញ្ជាក់ដូចគ្នាថា នៅពីព្រឹកថ្ងៃទី០៣ខែតុលានេះ ទឹកជំនន់ទឹកភ្លៀងដែលបានជនលិចនៅតំបន់ផ្លូវជាតិលេខ ៤បានស្រកបណ្តើរហើយ ពោលគឺក្រោយពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះបញ្ជាផ្ទាល់កាលពីយប់ថ្ងៃទី០២ តុលា ខណៈដែរភ្លៀងកំពុងធ្លាក់បណ្តាលអោយជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យពិសេសលើកំណាត់ផ្លូវជាតិ០៤និងក្នុងតំបន់មួយចំនួនក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយពីកាយបើកមុខទឹកនេះ ជឿងថា មិនយូរទេ ក្នុងភូមិសាស្ត្រខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យពិសេសលើកំណាត់ផ្លូវជាតិលេខ៤ទឹកនឹងស្រុកអស់ជាក់ជាមិនខាន៕