កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ, បើមិនបញ្ឈប់ការធ្វើកូដកម្មនោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មីជំនួសវិញ ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើកូដកម្មរបស់កម្មករប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី។ រដ្ឋបាលរាជធានី អំពាវនាវដល់បងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការធ្វើកូដកម្ម ដោយ យកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជាតាមធម្មតាវិញ យ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបាន ជ្រាបថា ចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បាននិងកំពុងធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
ការធ្វើកូដកម្មនេះ កម្មករបានទាមទារឱ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយនូវ៖ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។
ដោយយោងតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ការទាមទារខាងលើនេះ លុះត្រាតែ ក្រុមហ៊ុនបានបញ្ចប់ការងាររបស់ពួកគាត់ ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនពុំបានបញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុនកំពុងតែ ដំណើការធម្មតា ដូច្នេះការទាមទាររបស់កម្មករក្រុមហ៊ុន ស៊ីនទ្រីនេះ មិនស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តទេ។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការធ្វើកូដកម្ម ដោយ យកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជាតាមធម្មតាវិញ យ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។ បើមិនដូច្នេះទេ រដ្ឋបាល រាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួល យកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់។ ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការដោយប្រើប្រាំស់រថយន្តដឹកសំរាមរបស់រដ្ឋបាល រាជធានីភ្នំពេញ និងឱ្យអាជ្ញាធរខណ្ឌទាំង១៤ បញ្ចេញម៉ូតូកង់បីដឹកសំរាម និងកម្លាំងដើម្បីប្រមូលសំរាមនៅតាមមូលដ្ឋានខណ្ឌរៀងៗខ្លួន។ ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ និងបងប្អូនកម្មកររបស់ រាមបាលជធានីភ្នំពេញ
ក្រុមហ៊ុនស៊ីនទ្រីមេត្តាជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ថា មានកម្មកប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីប្រហែល៤០០នាក់ បានផ្ទុះកូដកម្មតវ៉ាដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៥ចំណុច ពីក្រុមហ៊ុនការធ្វើកូដកម្មនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមតាមប្រភពព័ត៌មានពីកម្មករក្រុមហ៊ុន ស៊ិនទ្រី ខេមបូឌា ដែលធ្វើកូដកម្មនៅខាងក្រៅរបស់ក្រុមហ៊ុនចំនួនបានប្រាប់ថា៖មានកម្មករប្រហែល ៤០០នាក់ ក្នុងចំណោមកម្មករសរុប២០០០នាក់ បានសម្រាកទាំងអស់មិនមានអ្នកចេញឡានទៅប្រមូលសំរាមទេ។
ការធ្វើកូដកម្មនេះគឺដើម្បីទាមទារនូវគោលបំណងចំនួន៥ចំណុចដូច ១.ទាមទារប្រាក់បំណាច់អតីតភាព។ ២.ទាមទារសំណងជំងឺចិត្ត។
៣.ទាមទារប្រាក់ជួសឲ្យការជូនដំណឹង (ប្រាក់ដែលក្រុមហ៊ុនមិនបានជូនដំណឹងជាមុន)។ ៤.ទាមទារប្រាក់ខែចុងក្រោយ
៥.ការឈប់សម្រាកប្រចាំនៅសល់។
ក្រោយពីមានការផ្ទុះកូដកម្មនេះនៅវេលាម៉ោង១០និង០០នាទី ដោយមានការសម្របសម្រួល ដែលមានសមាសភាពចូលរួមពិភាក្សា ដោះស្រាយ៖ ១.លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ២.លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ ៣.លោក សាន បូណា ប្រធានការិយាល័យនៃនាយកដ្ឋានវិវាទការងារ ៤.លោក ជួន វុឌ្ឍី ប្រធានមន្ទីរការងាររាជធានីភ្នំពេញ ៥.លោក សេង ហ៊ួត អគ្គនាយករងក្រុមហ៊ុនស៊ីនទ្រី ៦.លោក លត់ ឃីម ចៅសង្កាត់ដង្កោរងទី១ ៧.លោក តុន មូនី នាយប៉ុស្តិ៍ដង្កោ ៨.លោក កៅ សាវ៉ាត់។ ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ីនទ្រី ហើយការដោះស្រាយវិវាទការងារនេះ នៅមិនទាន់ឯកភាពគ្នាទេ ដោយបានលើកពេលដោះស្រាយបន្តទៀត នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០៕