ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ អំពាវនាវឲ្យប្រជាពលរដ្ឋឈប់លក់ដូរ និងសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវ ចំណីផ្លូវ និងកុំចោលសំរាមចូលលូ
ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សំ លាងទ្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋឈប់លក់ដូរលើចិញ្ចើមផ្លូវតទៅទៀត និងកុំសាងសង់សំណង់រំលោភលើចំណីផ្លូវ និងកុំចោលសំរាមចូលទៅក្នុងលូទឹកជាមួយនិងការ ចតរថយន្តឲ្យមានសណ្តាប់ធ្នាប់នៅជុំវិញរង្វង់មូលស្រអែម ពិសេសកុំរំលោភលើចំណីផ្លូវជាលើកទី៣ទៀត។
សំ លាងទ្រី បានអោយដឹង នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះថា បញ្ហានៅមុខផ្សារស្រអែមដែលប្រជាពលរដ្ឋរំលោភយកចំណីផ្លូវធ្វើអាជីវកម្មលក់ដូរនោះ វាជាបញ្ហាស្មុគ្រស្មាញមួយដែលជំនាញ និងអាជ្ញាធរមូលដ្ឋានតែងតែឈឺក្បាល។ ប៉ុន្តែស្របពេលដែលរង្វង់មូលស្រអែមថ្មី បានសាងសង់រួចរាល់ជាស្ថាពរនោះ ក្នុងនាមមន្ទីរសាធារណការខេត្ត លោកបានប្តេជ្ញាចិត្តថានឹងរៀបចំរំដោះចំណីផ្លូវមុខផ្សារស្រអែមនេះឲ្យបាន ព្រោះថា ផ្លូវសងខាងនៅមុខផ្សារស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាផ្លូវដ៏មានសារៈសំខាន់មួយឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារ មិនត្រូវប្រជាពលរដ្ឋរំលោភយកធ្វើជាកន្លែងលក់ដូរ និង សាងសង់ជារោងលក់ដូរនោះទេ ។ បញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់ ក៏ដូចជាការធ្វើដំណើរដំណើររបស់ប្រជាពលរដ្ឋជិតឆ្ងាយ។
លោកបន្តថា ដើម្បីរំដោះផ្លូវមុខផ្សារស្រអែមនេះឲ្យបានធំទូលាយឡើងវិញ អាជ្ញាធរនិងសមត្ថកិច្ច ក៏ដូចជាមន្ទីរអង្គភាពជំនាញ បានប្រើអស់មធ្យោបាយ តែលទ្ធផលដែលទទួលបានមកវិញ គឺប្រៀបដូចជាវែកចកអញ្ចឹង បានន័យថាពួកគាត់អនុវត្តន៍បានតែមួយភ្លែត ប្រាប់ថ្ងៃនេះគឺព្រឹកស្អែកដដែល ធ្វើឲ្យមានមតិរិះគន់ផ្សេងៗមកលើអាជ្ញាធរ និងសមត្ថកិច្ចជំនាញទៀតផង។
លោក សំ លាងទ្រី បន្តទៀតថា តាមរយៈការផ្សព្វផ្សាយជូនដំណឹងមួយរយៈកន្លងមក ឃើញថាចាប់ពីថ្ងៃទី០២ខែតុលា ឆ្នាំ២០២០មក ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវ នៅមុខផ្សារស្រអែម គាត់មានយល់ដឹងច្រើន និងបានសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរ សមត្ថកិច្ច ដោយស្មគ្រ័ចិត្តឈប់លក់ដូរតាមចិញ្ចើមផ្លូវ និងបានរុះរើសំណង់ដែលបានសង់រំលោភចំណីផ្លូវកន្លងមកដោយខ្លួនឯង។លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកជាំក្សាន្ត ដែលបានសហការជាមួយមន្ទីរសាធារណការខេត្ត ធ្វើការរំដោះចំណីផ្លូវនៅមុខផ្សារស្រអែមទទួលបានជោគជ័យ។ លោកក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលជាអាជីវករបានសហការដោយស្ម័គ្រចិត្ត ក្នុងន័យធ្វើឲ្យផ្លូវនៅទីប្រជុំជនមុខផ្សារស្រអែម មានភាពធំទូលាយឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិ ហើយពេលនេះមន្ទីរកំពុងធ្វើការពង្រីកផ្លូវ និងកាយលូប្រអប់ដែលស្ទះដោយសំរាមផងដែរ៕