ដោយសារតែអំណាចភ្លើងប្រច័ណ្ឌ ទើបបុរសម្នាក់មុខងារជាអនុប្រធានការិយាល័យនាយកដ្ឋានអង្គរក្ស បានបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ
ភ្នំពេញ៖ ករណីប្តីបានបាញ់សម្លាប់ប្រពន្ធ រួចក៏យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ក្នុងថ្លុកឈាម នោះដោយសារតែភ្លើងប្រច័ណ្ឌ ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ កើតឡើងនៅវេលាម៉ោង ៧ និង១៥ នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុះផ្ទះជួលមួយកន្លែងស្ថិតនៅតាមបណ្តោយ ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជាប់ផ្ទះជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ ប្តីនិងប្រពន្ធទាំងពីរតែងតែឈ្លោះទាស់ទាញគ្នាជាច្រើនលើករួចមកហើយ ដោយសារតែភ្លើងប្រច័ណ្ឌ ស្រាប់តែមកដល់និងយប់ប្រហែលជាម៉ោង៧ ពួកគាត់ក៏ឮស្នូផ្ទុះគ្រាប់កាំភ្លើង ៤គ្រាប់ ហើយបាននាំគ្នាចូលទៅមើលក៏ឃើញប្តីប្រពន្ធទាំងពីរនាក់ស្លាប់ក្នុងថ្លុកឈាម ដោយសារតែភ្លើងប្រច័ណ្ឌ ប្តីបាញ់ទៅលើប្រពន្ធ
៣គ្រាប់បណ្តាលឲ្យស្លាប់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អំពើហិង្សារហូតឈានដល់ការបាញ់សម្លាប់គ្នានេះ គឺផ្តើមឡើងដោយភ្លើងប្រច័ណ្ឌ ជនបង្កជាប្តីមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៣៩ឆ្នាំ មានតួនាទីអនុប្រធានការិយាល័យនាយកដ្ឋានអង្គរក្ស រីឯប្រពន្ធឈ្មោះ កែវ ស្រីដា អាយុ៥៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញជាមួយគ្នា ហេតុការណ៍នេះបានផ្ទុះអាវុធចំនួន៣គ្រាប់ កាំភ្លើងខ្លីមួយដើមពណ៌ខ្មៅម៉ាក K59 ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចបានទាក់ទងទៅខាងជំនាញកោសល្យវិច័យ ដោយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត បានបាញ់សម្លាប់ខ្លួនឯង និងប្រពន្ធពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕