នគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីឃាតកម្ម យកដាវកាប់បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ មានករណីឃាតកម្ម យកដាវកាប់បណ្ដាលឲ្យស្លាប់ នៅចំណុចលើផ្លូវបេតុង ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងករណីឃាតកម្មនេះ ដែលមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមាន៖១.ឈ្មោះ អេន សុខាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ២.ឈ្មោះ មឿន វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៣. ឈ្មោះ អ៊ី ភីរក្ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ។
ជនរងគ្រោះក្នុងហេតុការនោះរួមមាន៖ ១.ឈ្មោះ ម៉ុន សុភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (ស្លាប់)។ ២.ឈ្មោះ ចាន់ ស៊ីដាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅជាមួយជនរងគ្រោះ (របួសធ្ងន់)។ ៣.ឈ្មោះ ហៃ ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅជាមួយជនរងគ្រោះ (របួសធ្ងន់)។
សម្ភារបន្សល់ទុក និងស្លាកស្នាម៖ ១.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១CR.២៧៤១ ចំនួន១គ្រឿង។ ២.ស្នាមរយះចំហៀងក្បាលផ្នែកខាងស្ដាំទំហំ១៦សង់ទីម៉ែត្រ ចំនួន១កន្លែង និងស្នាមរយះខ្នងដល់ឆ្អឹងទំហំ៤,១០សង់ទីម៉ែត្រ ចំនួន១កន្លែង។
នគរបាលបានបញ្ជាក់រឿងហេតុថា នៅពេលកើតហេតុ ជនរងគ្រោះ និងឈ្មោះ ចាន់ ស៊ីដាត, ឈ្មោះ ហៃ ហឿន និងមិត្តភក្តិចំនួន២នាក់ទៀត ជិះម៉ូតូចំនួន២គ្រឿង ចេញពីហាងផឹកស៊ីមួយកន្លែង ដែលមានយីហោ ម្លប់ស្បូវ នៅសង្កាត់ពន្សាំង ដោយឈ្មោះ ហៃ ហឿន ជាអ្នកឌុបជនរងគ្រោះ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យចំនួន៣នាក់ ខាងលើ ជិះម៉ូតូមកបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលរួចជនសង្ស័យ ក៏បានធ្វើសកម្មភាពយកដាវកាប់ ទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងស្ដាំចំនួន ១កន្លែង និងខ្នងចំនួន ១កន្លែង បណ្ដាលឲ្យរបួសធ្ងន់ ដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកជនរងគ្រោះចំនួន ២នាក់ទៀត រងរបួសធ្ងន់។
រហូតដល់វេលាម៉ោង១២និង៣០នាទី ថ្ងៃទីខែឆ្នាំដដែល កម្លាំងផ្នែកយុត្តិធម៌ខណ្ឌព្រែកព្នៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អេន សុខាក់ ភេទប្រុស យកមកធ្វើការសាកសួរនៅប៉ុស្តិ៍។
ដោយមានការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ អេន សុខាក់ វេលាម៉ោង១៦ និង៣០នាទី ទើបកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ មឿន វណ្ណា នៅចំណុចភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នៅវេលាម៉ោង២១ និង០០នាទី ដោយមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មឿន វណ្ណា ថា ខ្លួនបានប្រព្រឹត្តអំពើឃាតកម្មជាមួយឈ្មោះ អ៊ី ភីរក្ស ទើបកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ី ភីរក្ស នៅចំណុចភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ។
ឆ្លងតាមការបំភ្លឺ ពាក្យបណ្ដឹង វត្ថុតាងចាប់យក និងចម្លើយសារភាពរបស់ជនសង្ស័យចំនួន ៣នាក់ខាងលើថា ខ្លួនពិតជាបានប្រព្រឹត្ត ករណីដូចខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យចំនួន ៣នាក់ខាងលើ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយមានការឯកភាពពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឯកភាពឲ្យកម្លាំងសមត្ថកិច្ច ធ្វើការប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្កកណ្ដាល៕