ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៣.៥០០គ្រួសារ នៅខេត្តកំពង់ចាម រំភើបរីករាយពេលទទួលអំណោយពីកាកបាទក្រហមកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី ៣ ខែសីហា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១.៥៤៨គ្រួសារ រស់នៅភូមិចំនួន ៨ នៃឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធបដិមា និងនាំយកទេយ្យវត្ថុជាច្រើន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តឥន្ទកោសី ចុងកោះជ្រូក ដែលជាទីតាំងប្រារព្ធពិធីស្ថិតនៅភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការនឹករលឹក និងក្តីស្រឡាញ់ជ្រាលជ្រៅជាមួយប្រជាពលរដ្ឋទាំងអស់ និងបាននាំមកនូវអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ក្នុងទិវា ៨ ឧសភា។
ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា ឱ្យបន្តចុះតាមដាន និងបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាក និងមានការខ្វះខាតខ្លាំងឱ្យបានទាន់ពេលវេលា ទាំងក្នុងពេលទឹកឡើង និងពេលទឹកស្រកទៅវិញ។ ទន្ទឹមនេះ សម្តេច សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព រស់នៅមានអនាម័យ ដោយប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ ហើយឆាប់ប្រកបមុខរបរបង្កបង្កើនផលដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញនៅក្រោយពេលទឹកស្រក។ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នកុមារតូចៗ ដែលងាយគ្រោះថ្នាក់ដោយសារទឹកជំនន់ និងសូមគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពនៅពេលធ្វើដំណើរ។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សូមបញ្ជាក់ជូនថា ជាមួយនឹងការចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន ១.៥៤៨គ្រួសារ ខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សម្រាប់ធ្វើសកម្មភាពជា បន្តបន្ទាប់ទៅតាមតំបន់គោលដៅរងគ្រោះនូវស្បៀង និងសម្ភារប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ១.៩៥២គ្រួសារ ព្រមទាំង តង់ចំនួន ២០០ផ្ទាំង និងរទេះជនពិការចំនួន ១០គ្រឿង ផងដែរ៕