ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារកូវីដ១៩ គណបក្សប្រជាជនកម្ពុជា ផ្អាកការរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០ និងខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា

53

ភ្នំពេញ៖សម្តេចសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជាន់ថ្នាក់របស់ខ្លួន អំពីការផ្អាកការរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០ និងខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។

យោងតាមលិខិតរបស់គណបកប្រជាជនកម្ពុជា ចុះហត្ថលេខាដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា យោងសភាពការណ៍នៃជំងឺកូវីដ១៩ ដែលនៅតែបន្តឆ្លងរាលដាលខ្លាំងពាសពេញពិភពលោក និងតម្រូវឱ្យកម្ពុជា ត្រូវតែបន្តប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ជាប់ជានិច្ចនោះ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមជម្រាបជូន «សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលទាំងអស់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់» បានជ្រាបអំពីការប្រារព្ធពិធីប្រចាំឆ្នាំរបស់គណបក្ស នៅពេលខាងមុខនេះដូចតទៅ៖

១៖ ត្រូវផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាល នៅដំណាច់ឆ្នាំ២០២០នេះសិន ប៉ុន្តែនៅពេលនោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល នឹងរៀបចំនូវឯកសារ «របាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១» ដើម្បីផ្ញើជូនឱ្យគណបក្ស គ្រប់ថ្នាក់ ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និងអនុវត្តភារកិច្ចបន្តទៀត។

២៖ ត្រូវផ្អាកការជួបប្រជុំមេទ្ទិញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ដែលត្រូវធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះសិន ប៉ុន្តែគ្រប់ថ្នាក់ត្រូវត្រៀមរៀបចំ Logog បដា ពាក្យស្លោក។ល។ ដាក់តាំងនៅតាមទីតាំងនានា ដើម្បីអបអរសាទរដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំ កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង