ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី អំពាវនាវឱ្យកម្មករប្រមូលសំរាមចូលធ្វើការងារវិញ ក្រសួងការងារ នឹងផ្តល់ប្រាក់អតីតភាពការងារទៅតាមដំណាក់កាល

115

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យកម្មករប្រមូលសំរាមចូលធ្វើការងារជាធម្មតាវិញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីតភាពការងារទៅតាមដំណាក់កាល ហើយ កម្មករនៅតែទទួលបានឱកាសការងារថ្មី នៅពេលក្រុមហ៊ុនចំនួន៣បើកប្រតិបត្តិការប្រមូលសំរាម។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែតុលានេះ ខណៈដែលលោកអញ្ជើញទៅបើកសម្ពោធដាក់អោយប្រើប្រាស់អគារទីចាត់ការសាលាបឋម
សិក្សាសន្ធរម៉ុក ដែលជាអំណោយរបស់លោកផ្ទាល់និងលោកស្រី។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើង
ថា នៅប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាមយ៉ាងខ្លាំងដោយសារកម្មករក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្មទាមទារប្រាក់អតីតភាព ។ ចំណុចនេះក្រសួងការងារ បានជម្រាបជូនហើយថា ប្រាក់អតីតភាពក្រសួងនឹងផ្តល់ជូនតាមដំណាក់កាល ខណៈដែលកម្មករទាំងអស់នោះ សុំបើកប្រាក់នោះផ្តាច់តែម្តងហើយឈប់ធ្វើការ ។
លោកបន្តថា ការទាមទារបែបនេះដោយសារពួកគាត់យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះរដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការដេញថ្លៃយកក្រុមហ៊ុនចំនួន៣ មកប្រតិបត្តិការប្រមូលសំរាម ហើយគាត់គិតថា គាត់មិនបានចូលធ្វើការងារបន្ត ។ ក្នុងករណីនេះលោកអភិបាលបានផ្ញើរសារជូនកម្មករ កម្មការិនីទំាងអស់ ថា ការបង្កើតឱ្យមានក្រុមហ៊ុន
ប្រមូលសំរាមចំនួនបីតំបន់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យការសំរាមក្នុងរាជធានីភ្នំពេញ មានភាពលឿនរហ័សបញ្ចៀសការកកស្ទះ ខណៈដែលក្រុមហ៊ុនទាំងអស់នោះ នឹងយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីដែលមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញមកបំរើការងារដ៏ដែរ ។ លោកសូមផ្ញើរសារជូនកម្មករ កម្មការិនី អ្នកប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញទាំងអស់ថា មិនដូចការគិតរបស់បងប្អូនទេ កិច្ចការងារយកសំរាម ក្រុមហ៊ុនថ្មីមកក៏ត្រូវការកម្មករ ហើយកម្មករនឹងបន្តអតីតភាពការងារ ដោះស្រាយនៅដ៏ដែល ។ ឧទាហរណ៍ក្រុមហ៊ុនស៊ីនទ្រីដេញបានតំបន់ណាមួយនោះក្រុមហ៊ុនប្រតិបត្តិនៅតំបន់នោះ បើកម្មករលើសអាចដាក់ពាក្យទៅក្រុមហ៊ុនថ្មីមួយទៀតដែលមានការជួយជ្រុមជ្រែងពីរដ្ឋបាលរាជធានីភ្នំពេញ ហើយប្រាក់អតីតភាពគឺមិនឱ្យគាត់មានការបាត់បង់នោះទេ សូមឱ្យបងប្អូនកម្មករយើងចូលធ្វើការ វិញ។
លោកអភិបាលបានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តប្រមូលសំរាមដែលទើបនឹងទិញថ្មីចំនួន៧០គ្រឿង រួមជាមួយកំលាំងសន្តិសុខ និង ប្រជាការពារ រាប់សិបនាក់ ដើម្បីចេញប្រតិបត្តការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។
លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែឱ្យអាជ្ញាធរខណ្ឌទាំង១៤ ប្រមូលតាមខណ្ឌរៀងៗខ្លួន ។
សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បាននឹងកំពុងធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាថា កន្លងមកនេះរដ្ឋបាលរាជធានី ក្រោមការដឹកនាំរបស់លោកឃួង ស្រេងជាអភិបាល
បានគិតគូរបញ្ហាសំរាមនេះតាំងពីឆ្នាំ២០១៩មកម្លេះដោយបានទិញរឺម៉កកង់បីដឹកសំរាម ប្រគល់ទៅអោយគ្រប់សង្កាត់ទាំង១០៥ ខណ្ឌទាំង១៤និងផ្សារ ជាមួយនឹងការទិញរថយន្តសំរាប់ដឹងសម្រាមចំនួន៧០គ្រឿងផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង