ប្រជាពលរដ្ឋនៅខណ្ឌដូនពេញ ស្នើសុំអាជ្ញាធរឲ្យជួយដោះស្រាយបញ្ហាប្រឈម ឲ្យមានប្រសិទ្ធភាព និងតម្លាភាព
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌដូនពេញស្នើសុំអាជ្ញាធរជួយដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរ សំណើរ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព ប្រជា ពលរដ្ឋបានស្នើសុំបែបនេះ តាមរយៈវេទិការសាធារណៈ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅវិទ្យាល័យព្រះសីសុវត្ថិ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញដោយមានការចូលរួមពីលោកជំទាវ សុខ ពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងវេទិកាពិគ្រោះយោបល់នៅខណ្ឌដូនពេញ ប្រជាពលរដ្ឋបានលើកជាសំណួរផ្ទាល់មាត់ ដូចជា ស្នើឲ្យអាជ្ញាធរដោះស្រាយបញ្ហាការបង្ករំខានពីភោជនីយដ្ឋានបរទេសនៅម្តុំសូរិយាម៉លដែលចាក់ធុងបាស់ និងច្រៀងស្រែកឡូឡារាល់យប់ , ប្រជាពលរដ្ឋមួយគ្រួសារនៅជាប់របងសាលារៀបចតុមុខ ស្នើសុំមន្ទីរសុរិយោដីជួយផ្តល់កម្មសិទ្ធិស្របច្បាប់លើអចលនទ្រព្យ ដើម្បីបានប្លង់ដីយកទៅដាក់បញ្ចាំយកលុយមកជួសជុលផ្ទះ ខណៈគាត់រស់នៅទីនោះជាង៣០ឆ្នាំមកហើយ , លោកស្រីម្នាក់ជាមេភូមិស្នើអាជ្ញាធររាជធានី ជួយពិនិត្យមើលការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផង ព្រោះពួកគាត់នៅពេលផ្លាស់ប្តូរទីលំនៅ មិនបានប្រាប់មកប្រធានភូមិនោះទេ គឺពួកគាត់អាងខ្នងអ្នកធំ មើលរំលងមេភូមិ , នាយកសាលាវត្តភ្នំ ស្នើសុំអាជ្ញាធរក្រុង ជួយផ្តល់ការ៉ូឡាចាស់ៗយកមករៀបចំក្នុងបរិវេណសាលា ដើម្បីឲ្យមានសោភ័ណស្អាត និងសំណើសរសេរដាក់ក្នុងប្រអប់ មួយចំនួនផងដែរ។
លោកជំទាវអភិបាលរង បានលើកឡើងថា ទោះបីជាបច្ចុប្បន្ននេះ រដ្ឋបាលរាធានីភ្នំពេញ ជាប់មមាញឹកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ និងបញ្ហាផ្សេងៗទៀតយ៉ាងច្រើនក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ ខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នេះឲ្យប្រព្រឹត្តទៅបាន។ អង្គវេទិកានាថ្ងៃនេះគឺផ្តល់ជូនដល់ប្រជាពលរដ្ឋ សម្រាប់អភិបាលកិច្ចល្អដែលជាឧបករណ៍មួយសម្រាប់វាស់គណនេយ្យភាព តម្លាភាព និងដំណើរការពិនិត្យក្នុងការផ្តល់សេវាសាធារណៈ សម្រាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ និងដោះស្រាយនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកានាឆ្នាំកន្លងមក។
ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតឱ្យមានវេទិកាសាធារណៈនេះ ធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសបានលើកឡើងជាសំណើ សំណូម ពររបស់ពួកគាត់ ដើម្បីឱ្យយើងយកទៅដោះស្រាយជូនពួកគាត់។ ឯកឧត្ដមបានបន្តទៀតថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺពិតណាស់ថា នឹងធ្វើឱ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចរបស់ យើងបានរកឃើញនូវចំណុចខ្វះខាតដែលយើងត្រូវយកមកបំពេញបន្ថែម ក្នុងការបម្រើប្រជាពលរដ្ឋ។
ឯកឧត្ដមបញ្ជាក់ថា រដ្ឋាភិបាលក្រៅពីបង្កើតឱ្យមានវេទិកាសាធារណៈនៅថ្នាក់សង្កាត់ ខណ្ឌនិងថ្នាក់រាជធានីហើយនោះ នៅបានបង្កើតឱ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ ខណ្ឌនិងថ្នាក់រាជធានីថែមទៀត ដើម្បីទទួលយកការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមានកង្វល់អ្វីមួយ ហើយការិយាល័យនេះអាចដោះ ស្រាយ ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបាន។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ របស់ខណ្ឌដូនពេញនៅពេលនេះ ប្រជាពលរដ្ឋត្រូវតែលើកឡើងពីកង្វល់ និងភាពអសកម្ម ខ្វះចន្លោះ របស់អាជ្ញាធរ ដែលមិនបានបម្រើសេវាសាធារណៈផ្សេងៗ ជូនបងប្អូនបានល្អ ពិសេស អាជ្ញាធរ ខណ្ឌ សង្កាត់ មិនបានអនុវត្ដឲ្យស្របទៅតាមបំណងដែលបងប្អូនចង់បានកន្លងមក។ ដូចជាការការពារសុវត្ថិភាព សន្ដិសុខ ការពារចោលួច ចោឆក់ ចោប្លន់ ចោគាស់ផ្ទះពេលយប់ ក្មេងទំនើង ក្មេងប្រើប្រាស់គ្រឿងញៀន។
ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់ផងដែរថា ក្នុងវេទិកានេះប្រជាពលរដ្ឋបាន លើកឡើងជាសំណួរផ្ទាល់មាត់ និងសំណើសរសេរដាក់ក្នុងប្រអប់សំបុត្រ ហើយសំណើ និងសំណូមពរទាំងនេះ មានការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយឱ្យបានលឿន ។ ចំពោះការស្នើឡើងខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញបានទទួល យកហើយសន្យាថានឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អនិង ជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បី ធានាថា ១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះ ស្រាយ និងឆ្លើយតប ២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណង ជំរុញនូវប្បធម៌ នៃការពិភាក្សានិងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ហើយក្នុងឱកាសនោះ ក្រមប្រឹក្សារាជធានីភ្នំពេញនឹងធ្វើការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ នូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំខាងមុខ
ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
ក្នុងវេទិកាសាធារណៈនេះប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងរៀងរាល់មួយឆ្នាំម្តង តែនៅថ្នាក់សង្កាត់និងខណ្ឌតែតែធ្វើជាប្រចាំ ក្រោយពីបញ្ចប់វេទិកាពិគ្រោះយោលបល់ គឺយើងបូកសរុបបញ្ហា ដែលប្រជាពលរដ្ឋស្នើឡើង និងការចង់បានរបស់ប្រជាពលរដ្ឋ ហើយដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ដើម្បីបំពេញការចង់ បានរបស់ប្រជាពលរដ្ឋ។
វាទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី នៅព្រឹកនេះ ផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់ របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន៕