លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះប្រមូលសំរាម
រាជធានីភ្នំពេញ ៖ ស្របពេលដែលក្រុមកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី នៅតែបន្តធ្វើកូដកម្មដោយមិនចុះប្រមូលសំរាមនេាះ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានចុះប្រមូលសំរាម តាមបណ្តោយផ្លូវ៣៦៩ ( ព្រែកប្រា ) គិតចាប់ពីគល់ស្ពានព្រះមុន្នីវង្សីថ្មី ក្នុងសង្កាត់ច្បារអំពៅ១ រហូតដល់គល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ការចុះប្រមូលសម្រាមតាមដងផ្លូវ និងតាមលំនៅឋានពលរដ្ឋខាងលើនេះ គឺអាជ្ញាធរប្រើរថយន្តដឹកសម្រាម២គ្រឿង និងរ៉ឺម៉កដឹកសម្រាម៣គ្រឿង រួមទាំងប្រើកម្លាំងប្រជាការពារសង្កាត់ខណ្ឌជាច្រើននាក់ផងដែរ ក្នុងការប្រមែប្រមូល ។
ក្នុងឱកាសនេាះ លោក ចេង មុនីរ៉ា ក៏បានណែនាំដល់ចៅសង្កាត់ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ ទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងតាមពេលវេលាដែលបានកំណត់ ដេីម្បីងាយស្រួលដល់ក្រុមការងារប្រមូលសំរាម និងបានលឿន រហ័ស ដើម្បីធានាបានមិនអោយមានសំរាមស្អុយរលួយបង្កជាក្លិនអាសោចទៅកាន់បរិស្ថានសង្គម ។
គួរបញ្ជាក់ថា នាវេលាព្រឹកថ្ងៃខែដដែល លោកអភិបាលខណ្ឌ បានបើកកិច្ចប្រជំុបន្ទាន់មួយជាមួយចៅសង្កាត់ទាំង៨ និងក្រុមការងារអនាម័យ បរិស្ថាន ដើម្បីដាក់ផែនការអោយលោក-លោកស្រី ជាចៅសង្កាត់ទាំងអស់និងក្រុមការងារអនាម័យ បរិស្ថាន ខណ្ឌ ដឹកនាំកម្លាំងប្រមូលសំរាមប្រចាំថ្ងៃ ដោយចែកចេញជា២វេន ។
គួររំលឹកបន្ថែមថា ជាដំណោះស្រាយបន្ទាន់ នៅថ្ងៃទី៦ ខែតុលានេះដដែល លោក ឃួង ស្រេង បានបញ្ចេញរថយន្តប្រមូលសំរាមថ្មីចំនួន៧០គ្រឿង រួមជាមួយរឺម៉ក់ប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់គ្រប់ខណ្ឌ ចេញប្រតិបត្តការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ខណៈដែលកម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មដោយមិនចេញប្រមូលសំរាម ដោយក្រុមការងារប្រមូលសំរាមបណ្តោះអាសន្ននេះ បានចែកចេញជា៣វេន ផងដែរ ៕