ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ចិនកំពុងពិភាក្សាជាមួយ WHO ដើម្បីវាយតម្លៃ និងបញ្ចេញវ៉ាក់សាំងកូវីដ-១៩ ទៅកាន់ពិភពលោកក្នុងករណីបន្ទាន់

98

លោកស្រី សូខូរ៉ូ អេស្កាឡេនត៍ (Socorro Escalante) ដែលជាមន្រ្តីសម្របសម្រួលរបស់ WHO ផ្នែកឱសថ និងបច្ចេកវិទ្យាសុខាភិបាល នៅតំបន់ប៉ាស៉ីហ្វិកខាងលិច បានប្រាប់សន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធអនឡាញថា ចិនទើបតែបានបើកកិច្ចពិភាក្សាបឋមមួយ ជាមួយអង្គការសុខភាពពិភពលោក ដើម្បីឲ្យវ៉ាក់សាំង COVID-19 របស់ខ្លួន បញ្ចូលទៅបញ្ជីនៃការប្រើប្រាស់បន្ទាន់របស់ WHO។

គួរបញ្ជាក់ថា នីតិវិធីចុះក្នុងបញ្ជីនៃការប្រើប្រាស់បន្ទាន់របស់ WHO នេះ នឹងអនុញ្ញាតឲ្យវ៉ាក់សាំង ឬថ្នាំព្យាបាល ដែលពុំទាន់មានអាជ្ញាប័ណ្ណផ្លូវការ ឬឆ្លងកាត់ការវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពពីសំណាក់ WHO អាចយកទៅប្រើប្រាស់ជាលក្ខណៈអន្តរជាតិ បាននៅករណីបន្ទាន់។

គួរជម្រាបថា បុគ្គលិករាប់សិបម៉ឺននាក់ ដែលបម្រើការងារក្នុងវិស័យចាំបាច់ និងក្រុមប្រជាជនដែលត្រូវបានចាត់ទុកថា ប្រឈមហានិភ័យខ្ពស់ នៅក្នុងប្រទេសចិន គឺទទួលបានការចាក់វ៉ាក់សាំងដែលចិនផលិតឡើងខ្លួនឯងផ្ទាល់រួចទៅហើយ បើទោះបីជាការធ្វើតេស្តមិនទាន់ចប់ពេញលេញក៏ដោយក្តី។ បច្ចុប្បន្នចិនមានបេក្ខភាពវ៉ាក់សាំង COVID-19 ចំនួន ០៣ឯណោះ ក្នុងចំណោមបេក្ខភាពវ៉ាក់សាំងទាំងជាង ៣០ នៅលើពិភពលោក ដែលកំពុងស្ថិតក្នុងការធ្វើតេស្តតំណាក់កាលចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង