ចៅក្រមចេញដីកាឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ពីបទ ប្រទូស្តកេរខ្មាស់មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ
ស្វាយរៀង៖ នៅរសៀលថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២០ មន្ត្រីនគរបាលខេត្តស្វាយរៀងឈ្មោះ ម៉ៅ វីរៈ ហៅ ចំរើន ត្រូវបានចៅក្រមស៊ើបសួរ ឌិន ស៉ីវុទ្ធី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ពីបទប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលោក និន វុទ្ធី ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង សម្រេចបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ ម៉ៅ វីរៈ ហៅ ចំរើន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិក្ខុខ្ចី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយ មាន ប្រពន្ធឈ្មោះ គឹម សុខុម មាន កូន ១នាក់ ទោសពីមុន៖ គ្មាន ។
ត្រូវបានដាក់ក្រោមការពិនិត្យពីបទ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តទៅភូមិក្ដុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៩៦ កថាខណ្ឌទី១ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ។
រយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្នចំនួន ៤ (បួន ) ខែ គិតចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ លើកលែងតែមានដីកាបង្គាប់ឱ្យរក្សាទុកជនត្រូវចោទក្នុងឃុំរង់ចាំការជំនុំជម្រះ។
បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តស្វាយរៀងឃុំខ្លួនឈ្មោះខាងលើជាបណ្តោះអាសន្នតាម អំណាចទៃដីកានេះ។
ឪពុកម្តាយក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូ បច្ចុប្បន្នរស់នៅភូមិក្តុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពីបទ «រំលោភសេពសន្ថវៈតែមិនបានសម្រេច»។
នគរបាលខេត្ដស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជាប៉ូលិសឈ្មោះ ម៉ៅ វីរៈ ហៅ ចំរើន ពាក់ព័ន្ធរឿង ចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ។ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់អ្នក នាំពាក្យស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង ។
ក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ពួកគាត់កំពុងរងការឈឺចាប់យ៉ាងខ្លាំង ដែលប៉ូលិសរូបនេះ បាន «រំលោភសេពសន្ថវៈតែមិនបានសម្រេច»លើកូនស្រីអាយុ១៥ឆ្នាំ ហើយកំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ទោះបីពួកគាត់បានដាក់ពាក្យបណ្តឹងរួចក៏ដោយ ។
គ្រួសារជនរងគ្រោះ អះអាងថា រឿងនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិក្តុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
រឿងនេះដំបូងគឺខាងប៉ូលិសប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានហៅពួកគាត់ទៅជួបនិងសុំឲ្យធ្វើការសម្របសម្រួលគ្នា តែពួកគាត់មិនព្រមទេ ដោយសារទង្វើរបស់ឈ្មោះ ម៉ៅ វីរៈ ហៅចំរើន ធ្វើឲ្យពួកគាត់មានការឈឺចាប់ខ្លាំងណាស់ ទើបសម្រេចចិត្តប្តឹងមកតុលាការ តែម្តង ៕