ក្រសួងវប្បធម៌ ពិនិត្យពិភាក្សាលើអង្គហេតុ និងអង្គច្បាប់ ទាក់ទងនឹងករណីសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំអន្តរក្រសួងមួយ ដើម្បីពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ ដែលទាក់ទងនឹងសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម អស់លោក តំណាងក្រសួងការបរទេស តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងថា ជាលទ្ធផល កិច្ចប្រជុំបាន សម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេស ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូតដោយផ្អែកជាគោលទៅលើមាត្រា ៦ស្ទួន មាត្រា១០និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្សាយព័ត៌មានថា ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ បានធ្វើការសូមទោស ដែលបានយករូបចម្លាក់ប្រាសាទខ្មែរ មកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថាខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ ។ ការសុំទោសនេះ បានកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងច្រើន ចំពោះការយករចនាបថខ្មែរទៅប្រើដោយសណ្ឋាគារនេះ ។ ម្ចាស់សណ្ឋាគារនេះ គឺជាប្តីប្រពន្ធសញ្ជាតិខ្មែរ ។ ក្នុងរូប គឺភោជនីយដ្ឋានបាយ័ន ដែលជាផ្នែកមួយនៃសណ្ឋាគារ Le Palais Hotel ( រូបថតកាសែត បាងកកប៉ុស្ត ចេញផ្សាយថ្ងៃចន្ទ ទី ៥ តុលា ២០២០ )៕