អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំកិច្ចប្រជុំផែនការសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ ប្រចាំខែកញ្ញា និងលើកទិសដៅបន្ដ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន និងលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ ប្រចាំខែកញ្ញា ឆ្នាំ២០២០ និងលើកទិសដៅបន្ដ។
កិច្ចប្រជុំនេះ ត្រូវបានឡើងនៅសាលាប្រជុំ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, អនុប្រធាននាយកដ្ឋាន, ស្នងការរងទទួលផែនព្រហ្មទណ្ឌ, នាយការិយាល័យ ចំណុះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការខណ្ឌទាំង១៤ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
របាយការណ៍ដែលអានដោយលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ហាញថា បទល្មើសជារួមកើតឡើង ចំនួន៣៩ករណី ថយមួយករណីបើធៀបនឹងខែសីហា ឆ្នាំ២០២០។ អំពីកិច្ចប្រតិបត្តិការ ដោយមានការខិតខំប្រឹងប្រែងពីកងកម្លាំងគ្រប់អង្គភាពទាំងអស់ បានសហការគ្នាចូលរួមបង្ក្រាបបានចំនួន សរុប៣៨ករណី ចាប់បានជនសង្ស័យ៤៩នាក់ ស្មើនឹង៩៧ភាគរយ។
ដើម្បីបន្ដអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ ក្នុងគោលបំណងចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ ឲ្យមានការថយចុះ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាព បានដាក់ចេញទិសដៅ និងវិធានការជំនាញសំខាន់ៗ នានាមួយចំនួនសម្រាប់អនុវត្តបន្ដ ក្នុងនោះរួមមាន៖
*ទី១៖ ពង្រឹងយន្ដការបញ្ជាដឹកនាំកិច្ចសហការគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពបង្ការ បង្ក្រាបបទល្មើស លួច ឆក់ ពិសេសជំរុញលើកទឹកចិត្ត កម្លាំងដែលមានភារកិច្ចអនុវត្តផែនការបង្ការ បង្ក្រាបបទល្មើស
*ទី២៖ ពង្រឹង និងជំរុញការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធី កសាងសំណុំរឿងដើម្បីមានភស្ដុតាងរឹងមាំដាក់បន្ទុក ផ្ដន្ទាទោសឲ្យបានកម្រិតខ្ពស់ (បទឧក្រិដ្ឋ) ស្របតាមក្រមព្រហ្មទណ្ឌ
*ទី៣៖ ពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការបន្ដ
*ទី៤៖ បន្ដស្រាវជ្រាវស៉ើបអង្កេតបង្ក្រាបករណីសេសសល់៕