អាជ្ញាធររាជធានីនឹងប្រើប្រាស់ ឱ្យអស់លទ្ធភាព ដើម្បី ដឹកជញ្ជូនសំរាមចេញអោយអស់ពីក្នុងក្រុង ដោយចាប់ផ្តើមពីយប់នេះ
ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំបន្ទាន់មួយនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះបានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ប្រឹងប្រែងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណា ដឹកជញ្ជូន យកសំរាមចេញអោយអស់ពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាម ដោយចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះទៅ។
លោកអភិបាលរាជធានី ក៏បានបញ្ជាឱ្យអភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់ តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំ និងយកលទ្ធផល នៃកិច្ចប្រជុំនារសៀលនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីទៅតាមខណ្ឌនីមួយៗរួចហើយ ។ ប៉ុន្តែបើមានតម្រូវចាំបាច់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាលខណ្ឌចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាម ដោយគិតតម្លៃជាតោនអោយគេ អាចក្នុង១តោនចាប់ពី១០ដុល្លារ ទៅ១៤ដុល្លារ ។នេះចំពោះឡានដែលប្រើប្រាស់ប្រេងផ្ទាល់ខ្លួន។ លើសពីនេះថែមទៀត ក៏ត្រូវជួលកម្លាំងកម្មករ រួមទាំងកម្លាំងកម្មកររបស់ក្រុមហ៊ុន ស៊ិនទ្រី ផងដែរ ដែលក្នុងម្នាក់ៗផ្តល់ជូន ១០ដុល្លារនៅពេលថ្ងៃ និងបន្ថែម៥ដុល្លារទៀតសម្រាប់អ្នកធ្វើការពេលយប់។
លោកអភិបាលរង ក៏បានស្នើឱ្យខណ្ឌនិមួយៗជាពិសេសខណ្ឌជាយក្រុង រកទីកន្លែង ឬជួលដីប្រជាពលរដ្ឋណាដែលនៅទំនេរមួយរយៈសម្រាប់ស្តុកសំរាមជាបណ្តោះអាសន្នរង់ចាំ រថយន្តដឹកសំរាមមកជញ្ជូនបន្តទៅកាន់ទីលានចាក់សំរាមធ្វើយ៉ាងណាយប់នេះយកសំរាមឱ្យអស់ពីតាមបណ្តារនានាក្នុងរាជធានីភ្នំពេញ។
លោក កើត ឆែ ក៏បានសុំគោលការណ៍ពីលោកអភិបាល ដើម្បីចាត់ចែងលេខរៀងខណ្ឌនីមួយៗ ឱ្យបានច្បាស់លាស់ ជាពិសេសចំពោះរថយន្តបែនដែលខណ្ឌបានជួល ដើម្បីងាយស្រួល គ្រប់គ្រង និងត្រួតពិនិត្យ ក៏ដូចជាងាយស្រួលគ្រប់គ្រងការចំណាយនានានៅក្នុងដំណាក់កាលនេះឱ្យបានច្បាស់លាស់ ឆ្លើយតបឱ្យបានទាន់ពេលវេលាបំផុត៕