ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ចម្រុះ ​ចុះ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​និង​នំ​បុ័ង​ប្រេ​ន​ ២​កន្លែង​សង្ស័យ​ធ្វើ​ អាជីវកម្ម​ក្លែងក្លាយ​ខុសច្បាប់​ក្នុង​ខណ្ឌ​សែន​សុខ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

51

 

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​ផ្សាយ​ព័ត៌មាន​ថា កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​ចុះបង្ក្រាប​សិប្បកម្ម​ផលិត​បារី និង​សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេន​ចំនួន​២​កន្លែង​ផ្សេងគ្នា របស់​ជនជាតិ​ចិន សង្ស័យ​ធ្វើ​អាជីវកម្ម​ផលិត​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន រាជធានី​ភ្នំពេញ ។​

​ប្រតិបត្តិការ​បង្ក្រាបបាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ក្រោម​ការសម្របសម្រួល​នីតិវីធី​ដោយ​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​ទីតាំង​ខាងលើ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែតុលា កម្លាំងចម្រុះ​បាន​ចុះទៅ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង​សិប្បកម្ម​ផលិត និង​ចែកចាយ​បារី​មួយកន្លែង​សង្ស័យ​ផលិត​បារី​ក្លែងក្លាយ​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​ហាណូយ ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដែលមាន​តំណាង​ម្ចាស់​ឈ្មោះ Huang Wenyan ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដោយបាន​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​វត្ថុតាង​ផលិតផល​សម្រាប់​ផលិត​បារី​ចំនួន​១១​ប្រភេទ សរុប​ចំនួន​១.០៤៨​កេស មាន​ទម្ងន់​ប្រហែល​២៥​តោន នឹង​បាន​រកឃើញ​វត្ថុតាង​ឧក​រណ៍ សម្រាប់​ផល​ត​បារី​រួមមាន ៖ ម៉ាស៊ីនបោះពុម្ព​ពណ៌​លើ​កញ្ចប់​បារី ចំនួន​២​គ្រឿង​, ម៉ាស៊ីន​កាត់​ក្រដាស​រ៉ុ​កន្ទុយ​ស្នោ​ចំនួន​២​គ្រឿង​, ម្សៅ​ទឹក​ថ្នាំ​ពណ៌​ស​ចំនួន​២៥​កេស​, ម្សៅ​ទឹក​ថ្នាំ​ពណ៌​ចម្រុះ​ចំនួន​៨០​បាវ​, ម៉ាស៊ីន​កូរទឹក​ថ្នាំ​១​គ្រឿង​, ម៉ាស៊ីន​ពន្លា​កន្ទុយបារី​១៣​គ្រឿង​និង​ទឹក​ថ្នាំ​សម្រាប់​បោះពុម្ព​កញ្ចប់​បារី​១៤៤​ធុង ។​

​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏បាន​ចុះទៅ​ឆែកឆេរ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​នំ​បុ័ង​១​កន្លែង នៅ​ចំណុច​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលមាន​ម្ចាស់​ឈ្មោះ CHEN GANG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​ជាក់ស្តែង​រកឃើញ វត្ថុតាង​ឧបករណ៍​សម្ភារ​និង​វត្ថុធាតុដើម​បម្រើ​ឲ្យ​ការផលិត​នំ​បុ័ង​សរុប​ចំនួន​១៦​ប្រភេទ​ស្មើនឹង​ទម្ងន់​ជាង​២២​តោន ។​

​ក្រោយពី​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​រួចរាល់​ឃើញថា សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេន​ខាងលើ​ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ​តាមច្បាប់ គឺ​គ្មាន​ស្លាក​យីហោ​, គ្មាន​ប្រកាស​បង្កើត​រោង​សិប្ប​ម្ម​,​ផលិតផល​មិនទាន់​យកទៅ​ចុះបញ្ជី​វិញ្ញាបនបត្រ​វិភាគ​គុណភាព​ហួស​សុពលភាព​, នៅលើ​សំបក​វេច​ខ្ចប់​ក្លែង​អាសយដ្ឋាន​, គ្មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​ផលិតផល​, គ្មាន​វិញ្ញាបនបត្រ​ដំណើរការ​សិប្បកម្ម ។​

​ការបង្ក្រាប​សិប្បកម្ម​ផលិត​បារី និង​ផលិត​នំ​បុ័ង​ប្រេន​ទាំង​២​ខាងលើ ក្រោយពី​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​រួចហើយ អនុវត្តតាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ឃាត់ទុក​វត្ថុតាង​ទាំងអស់​ជា​បណ្តោះអាសន្ន​ដើម្បី​អនុវត្តតាម​វិធានការ​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង