ថ្ងៃនេះរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១នាក់ និងមានករណីជាសះស្បើយ ចំនួន ១នាក់
ភ្នំពេញ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩តុលានេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១នាក់ និងមានករណីជាសះស្បើយ ចំនួន ១នាក់ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមម៉ោង ០៧និង០០ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៧នាក់ (ស្មើនឹង ៩៨,២៣% ធៀប នឹងចំនួនអ្នកមានវីរុសក្ខវីដ-១៩ទាំងអស់នៅក្នុងចំនួននេះមានស្រី ៥៥នាក់ និងបុរស ២២២នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨២នាក់ (ស្ត្រី ៥៦នាក់ និងបុរស ២២៦នាក់) ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន ៥នាក់ គឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ៣នាក់ (ស្ត្រីជនជាតិឥណ្ឌា បុរសជនជាតិឥណ្ឌូណេស៊ី និងបុរសជនជាតិខ្មែរ) និងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២នាក់ (បុរសជនជាតិហុងគ្រី និងបុរសជនជាតិបារាំង) ។
ករណីជាសះស្បើយ ចំនួន ១នាក់ ស្ត្រីជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង គាត់ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ១នាក់ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានតុសកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២៨នាក់(ស្រី ៣៣នាក់) ដែលក្នុងចំនួននេះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំខាងលើ។ រីឯ អ្នកដំណើរចំនួន ១២៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន ២៩នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៨នាក់ សណ្ឋាគារ មួយទៀត ក្នុងរាជធានីភ្នំពេញចំនួន ៥នាក់ និងសណ្ឋាគារផ្សេងទៀតនៅរាជធានីភ្នំពេញចំនួន ៨៥នាក់។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋ អាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្ត សៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវ រកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខ ភាពដែលអាចទាញយកមកប្រើប្រាស់បាន៕