ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្រង់ទិសនិស្សិត ដែលកំពុងសិក្សា ជំនាញនីតិសាស្ត្រ ដើម្បីឈានចាប់យកវិជ្ជាជីវៈច្បាប់ និងតុលាការដែលខ្លួនពេញចិត្ត

267


ភ្នំពេញ៖ សិក្ខាសាលាការផ្សព្វផ្សាយវិជ្ជាជីវៈតុលាការ មានគោលដៅជួយតម្រង់ទិសរបស់និស្សិត ដែលកំពុងសិក្សា ជំនាញនីតិសាស្ត្រ ដើម្បីឈានចាប់យកវិជ្ជាជីវៈច្បាប់ និងតុលាការដែលខ្លួនពេញចិត្ត ជាពិសេសដើម្បីតម្រង់ទិសដល់និស្សិត ឱ្យយល់កាន់តែច្បាស់ អំពីការបណ្តុះបណ្តាលអ្នកអនុវត្តវិជ្ជាជីវៈច្បាប់ និងតុលាការ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានថ្លែងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា អំពីការផ្សព្វផ្សាយវិជ្ជាជីវៈតុលាការ នៃសាលាភូមិន្ទទាំង៤ លើកដំបូង ជូនដល់និស្សិតច្បាប់ដែលកំពុងសិក្សា នៅតាមសកលវិទ្យានានា នៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។
លោក បានលើកឡើងថា ចាប់តាំងពីបង្កើតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការមក សិស្សដែលបានសិក្សានៅទីនេះទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា សារការីចំនួន១០៩៥នាក់ ដែលបានចេញទៅបម្រើការងារលើវិស័យច្បាប់នៅទូទាំងប្រទេស និងខ្លះទៀតកំពុងសិក្សានៅទីនេះ។

លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង បានបន្តថា រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ គឺជាថ្នាល់បណ្តុះបណ្តាលអ្នកអនុវត្តច្បាប់ នៅក្នុងវិស័យអនុវត្តច្បាប់តែមួគត់នៅកម្ពុជា ដែលទទួលបន្ទុកបណ្តុះបណ្តាល ធនធានមនុស្សនៅក្នុងវិស័យអនុវត្តច្បាប់ និងតុលាការនៅកម្ពុជា។ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ជាកន្លែងបណ្តុះបណ្តាលបឋម ហើយសិស្សដែល អាចចូលរៀននៅទីនេះបាន គឺឆ្លងកាត់ការប្រឡងប្រជែងផងដែរ។ សាលាដែលនៅក្រោមឆត្រ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ មានចំនួន៤៖ គឺសាលាភូមិន្ទចៅក្រម សាលាភូមិន្ទក្រឡាបញ្ជី សាលាភូមិន្ទសាលការី សាលាភូមិន្ទអាជ្ញាសាលា ដែលទទួលបន្ទុកបណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់លើផ្នែកនីមួយៗ។

សូមបញ្ជាក់ថា សាលាភូមិន្ទចៅក្រមបង្កើតរយៈពេល៨ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ២០០២ មានសិស្សដែលបានបញ្ចប់ការសិក្សាចំនួន៤៥២នាក់ រួមទាំងព្រះរាជអាជ្ញា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ជ្រើសរើស និងធានារ៉ាបរងការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ការបណ្តុះបណ្តាលបន្ត និងវិក្រឹត្យការចៅក្រម និងព្រះរាជអាជ្ញាដែលំពុងបំពេញការងារ នៅតាមសាលាជម្រុះក្តី។ សាលាភូមិន្ទក្រឡាបញ្ជីបង្កើតឡើងបាន៥ជំនាន់ គិតត្រឹមឆ្នាំ២០០១៨នេះ មានសិស្សបានបញ្ចប់ការសិក្សា​ប្រហែល៦០០នាក់ នៅទូទាំងប្រទេស ក្រឡាបញ្ជី ជាមន្ត្រីរបស់ក្រសួងយុត្តិធម៌ ដែលឆ្លងកាត់ការប្រឡង មានកម្រិតវប្បធម៌ច្បាប់ថ្នាក់បរិញ្ញាបត្រ នីតិសាស្ត្រឆ្នាំទី៣ឡើង ​ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ឆ្នាំ មានកាយសម្បទាគ្រប់គ្រាន់ ទទួលបានប្រាក់បៀវត្សរ៍ និងប្រាក់សោធនិវត្តន៍ពីរដ្ឋ ក្រឡាបញ្ជីជាមន្ត្រីរដ្ឋ ដែលមានសេវាបម្រើផ្នែកស៊ីវិល។ សាលាភូមិន្ទអាជ្ញាសាលា ទើបបានមួយជំនាន់ទេ ដែលមានសិស្សកំពុងសិក្សាចំនួយ២៨នាក់ ជាស្ថាប័នឯករាជ្យមួយ ទទួលបន្ទុកធ្វើការបញ្ជូនឯកសារផ្សេងៗរបស់តុលាការ ប្រតិបត្តិការអនុវត្ត ដោយបង្ខំតាមច្បាប់កំណត់​ជាអ្នកមានទំនាក់ទំនង រវាងម្ចាស់បំណុល កូនបំណុល តតីយជន និងតុលាការអនុវត្ត ការប្រតិបត្តិការអនុវត្តដោយបង្ខំ ដោយឯករាជ្យចំពោះអចនទ្រព្យ និងការប្រគល់អចនវត្ថុ។ ចំណែកសិស្សសាលាភូមិន្ទសារការី មានចំនួន១៥នាក់ គឺជាមន្ត្រីសាធារណៈ ដែលមានមុខងារធ្វើលិខិតយថាភូត បញ្ជាក់អំពីលក្ខណៈពិតប្រាកដត្រឹមត្រូវ ធានារ៉ាបរងអំពីកាលបរិច្ឆេទ តម្កល់រក្សាទុក និងចេញសេចក្តីចម្លងយថាភូត​នៃលិខិតទាំងឡាយ ដែលត្រូវតែមានការបញ្ជាក់៕

អត្ថបទដែលជាប់ទាក់ទង