សម្តេចតេជោ នាយករដ្ឋមន្ត្រី ៖ នៅសម័យ Covid-19 កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ
ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ជាការសម្គាល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។ កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០២០នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។
បើតាមលោក ផៃ ស៊ីផាន ៖ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើកដូចជាការសង្គ្រោះជនក្រីក្រនិងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ។
រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សរ៍មន្ត្រីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀវត្សរ៍ពីរដងក្នុងមួយខែ៕