ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គណៈរដ្ឋមន្ត្រី សម្រេច​អនុម័ត​ទាំងស្រុង​លើ “​ផែនការ​សកម្ម​ភាពជា​តិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣”

377

 

​ភ្នំពេញ​៖ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​ទាំងស្រុង​លើ “​ផែនការ​សកម្ម​ភាពជា​តិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣” ។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​បន្ត​ពិភាក្សា​លើ “​ផែនការ​សកម្ម​ភាពជា​តិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣”​។​

​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣ ៖ សមិទ្ធផល​សំខាន់ៗ ដែល​សម្រេចបាន ពី​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៤-២០១៨៖ បានផ្ដល់​អាទិភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់ ឆ្លើយតប និង​កិច្ច​អន្តរាគមន៍​ដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី និង​អំពើហិង្សា​ក្នុង​គ្រួសារ ដោយ​បញ្ហា​ទាំងនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ឯកសារ​ជាតិ​សំខាន់ៗ ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​នៅ​គ្រប់​ដំណាក់កាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ហើយ​សូចនាករ​សំខាន់ៗ ត្រូវ​បានដាក់​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាដើម​។ ក្រសួង​កិច្ចការនារី​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់ ការពារ​សិទ្ធ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ដោយបាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​សកម្មភាព​គន្លឹះ​ជាច្រើន​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង (​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​) ហើយ​បាន​ដឹកនាំ និង​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ និង​ការអនុវត្ត​សកម្មភាព​ជាតិ ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​ចំនួន​ពីរ (​ទី​១ ឆ្នាំ​២០០៩-២០១៣ និង​ទី​២ ឆ្នាំ​២០១៤-២០១៨)​។ ទន្ទឹមនឹងនេះ ផ្អែកលើ​ឯកសារ​ស្តីពី​ការវាយតម្លៃ​ពាក់កណ្ដាល អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​ឆ្នាំ​២០១៤-២០១៨ កម្ពុជា​ក៏​សម្រេចបាន​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ជាច្រើន ដូច​បាន​រៀបរាប់​នៅក្នុង​ឯកសារ​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣​។
​លើសពីនេះ​ទៀត ក្រសួង​កិច្ចការនារី ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដោយមាន​កិច្ចសហការ​ពី​អង្គការសហប្រជាជាតិ​ផងដែរ កំពុង​រៀបចំ​សាកល្បង​កន្លែង​ផ្ដល់​សេវា​ចម្រុះ នៅ​មន្ទីរពេទ្យ​ខេត្ត​ចំនួន​២ គឺ​ខេត្តកំពង់ចាម និង​ខេត្តស្ទឹងត្រែង ដែល​កន្លែង​ផ្ដល់​សេវា​ចម្រុះ​នេះ នឹង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​សម្របសម្រួល ផ្ដល់​សេវា​ចាំបាច់​ជូន​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ដូចជា​សេវា​ពិគ្រោះ​យោបល់​ផ្លូវចិត្ត សេវា​សុខភាព សេវា​ផ្នែក​ច្បាប់ សង្គមកិច្ច និង​សេវា​សំខាន់ៗ​មួយចំនួនទៀត ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជនរងគ្រោះ ដើម្បី​ផ្ដល់​កិច្ចការពារ​ជួយ​ជនរងគ្រោះ ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​ទាន់ពេលវេលា​។ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្រសួង​កិច្ចការនារី​ក៏បាន​សហការ​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែលមាន​នៅតាម​រាជធានី ខេត្ត ទាំង​២៥ ក្នុង​គោលបំណង​បង្កើន​នូវ​លទ្ធភាព​ក្នុងការ​ទទួលបាន​យុត្តិធម៌​សម្រាប់​ស្ត្រី និង​ក្មេងស្រី​ក្រីក្រ ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​មូលហេតុ និង​ភាពចាំបាច់​ក្នុងកា​ធ្វើ​បច្ចុប្បន្ន​កម្ម ផែនការ​សកម្ម​ភាពជា​តិ​ស្ដិ​ពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៤-២០១៨៖ ទន្ទឹមនឹង​សមិទ្ធផល​ដែល​សម្រេចបាន​ដ៏​ត្រ​ចេះ​ត្រចង់​ដូច​បាន​រាយការណ៍​ជូន​ខាងលើ ក៏​នៅមាន​បញ្ហា​សេសសល់ និង​បញ្ហា​ប្រឈម​ថ្មី​ដែល​បណ្ដាលមកពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​សង្គម ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​សកល​ផា​វូប​នីយកម្ម​។ ទម្រង់​នៃ​អំពើហិង្សា​លើ​ស្ត្រី​ដែល​កើតឡើង​ភាគច្រើន​នៅ​កម្ពុជា គឺ​អំពើហិង្សា​ក្នុង​គ្រួសារ ឬ​អំពើហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល និង​អំពើហិង្សា​ផ្លូវភេទ ដែល​សកម្មភាព​ទាំងនោះ​រួមមាន​៖ ការប្រើប្រាស់​ហិង្សា​
ការគំរាមកំហែង ការបង្ខិតបង្ខំ ឬ​ការដកហូត​សិទ្ធ​សេរីភាព ហើយ​បុព្វហេតុ​ចម្បង​នៃ​អំពើហិង្សា​លើ​ស្ត្រី ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា បណ្ដាលមកពី “​វិសមភាព​យេនឌ័រ និង​ការរើសអើង​” ក្នុងនោះ​ក្រុម​ស្ត្រី​ងាយ​រងគ្រោះ មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ទទួលរង​នូវ​អំពើហិង្សា ដូចជា​អំពើហិង្សា​ផ្លូវកាយ ការរំលោភបំពាន​ផ្លូវភេទ និង​ការកេងប្រវ័ញ្ច​ជាដើម​។ អំពើហិង្សា​លើ​ស្ត្រី គឺជា​ឧបសគ្គ​ដ៏​ចម្បង​ដែល​រារាំង​ដល់​ការចូលរួម​របស់​ស្ត្រី​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ និង​ជាការ​ដាក់បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ និង​សង្គម​ផងដែរ ដោយ​រដ្ឋបាល​ខាតបង់​ថវិកា​លើ​ការចំណាយ​សម្រាប់​សេវា​សុខភាព ការបាត់បង់​ផលិតភាព ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​រងគ្រោះ និង​កូនៗ សេវា​សង្ក​ម​កិច្ច ដើ​ម្ប​បី​ស្ដារនីតិសម្បទា​ស្ត្រី​រងគ្រោះ សេវា​ច្បាប់ និង​សេវា​គាំទ្រ​ចាំបាច់​មួយចំនួនទៀត​។​

​ដំណើរការ និង​ខ្លឹមសារ​សង្ខេប នៃ​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​ឆ្នាំ​២០១៩-២០២៣៖ សេចក្ដីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​ឆ្នាំ​២០១៩-២០២៣ ត្រូវបាន​អភិវឌ្ឍ​ឡើង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ (​ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​ដែលមាន​ចំណងជើង “​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០” ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា នៅក្នុង​គោលដៅ​ទី​៥ ស្ដីពី “​សម្រេច​ឱ្យបាន​សមភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី និង​កុមារ​គ្រប់រូប​”​។ សេច​ក្ដ​ដី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​៤​រួមមាន យុទ្ធសាស្ត្រ​ទី​១៖​ការបង្ការ​ទប់ស្កាត់ យុទ្ធសាស្ត្រ​ទី​២៖ កិច្ចការពារ​ផ្លូវច្បាប់ និង​សេវា​ពហុ​វិស័យ យុទ្ធសាស្ត្រ​ទី​៣៖ ច្បាប់ និង​គោលនយោបាយ យុទ្ធសាស្ត្រ​ទី​៤៖ ការតាមដាន​ត្រួតពិនិត្យ និង​ការវាយតម្លៃ​។ ផែនការ​សកម្ម​ភាពជា​តិ​លើក​ទី​៣ ជា​ផែនទី​តម្រង់ទិស​សម្រាប់​ក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធ​ទាំង​នោ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​អនុវត្ត​ការងារ​បង្ការ​ទប់ស្កាត់ ឆ្លើយតប និង​ដោះស្រាយ​អមពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ​ខ្ពស់ ក្នុង​គោលបំណង​ឆ្ពោះទៅ​កាត់បន្ថយ​ទម្រង់​នៃ​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដើម្បី​លើកកម្ពស់​សមធម៌ និង​បរិ​យាប​ន្ន​សង្គម ស្រប​នឹង​ទិស​ស្លោក​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព “​មិន​ទុក​នរណាម្នាក់​ចោល​”​។
​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣ ឱ្យ​ទទួលបាន​ជោគជ័យ​តាម​ការរំពឹងទុក ទាមទារ​ឱ្យមាន​កិច្ចសហការ និង​ការប្ដេជ្ញាចិត្ត​រួមគ្នា​រវាង​ក្រសួង ស្ថាប័ន​ជំនាញ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ សំដៅ​ប្រែក្លាយ​ផែនការ​សកម្មភាព​នេះ ឱ្យ​ក្លាយទៅជា​ការអនុវត្ត​ជាក់ស្ដែង​ទៅតាម​វិស័យ​នីមួយៗ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់ ឆ្លើយតប ផ្ដល់​កិច្ច​អន្តរាគមន៍ និង​កិច្ចការពារ​ជូន​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​


អត្ថបទដែលជាប់ទាក់ទង