លោក ហ៊ុន សាមុត៖ លោកគ្រូបង្ទឹកដើរតួយ៉ាងសំខាន់ ក្នុងការកសាងធនធាន អត្តពលិកឆ្នើមដើម្បីសម្រេចចក្ខុវិស័យរបស់ CAMSOC ក៏ដូចជាសហព័ន្ធខ្លួនផ្ទាល់
ភ្នំពេញ៖ការបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិបានបើកជាផ្លូវការហើយក្នុងឳកាសនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោកអនុប្រធានសហព័ន្ធ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបានរាយការណ៍ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ដែលដឹកនាំដោយលោកគ្រូ ហូយ សូណា និងលោកគ្រូ ប៊ិន គាសេង ដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២០ តាមការកំណត់ជាបីមុខសញ្ញាចំណាយ គឺការងាររដ្ឋបាល២០% ការងារបណ្ដុះបណ្ដាល៣៥% និងការងារប្រកួត៤៥%។
យោងតាមរបាយការណ៍ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល០៥ថ្ងៃដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ប្រកបដោយ ភាពទទួលខុសត្រូវ យើងទទួលបាននូវលទ្ធផលរួមមាននិទ្ទេសល្អចំនួន ១៩នាក់ និទ្ទេសល្អបង្កួរចំនួន ០៦នាក់ និងនិទ្ទេសមធ្យមចំនួន ០៧នាក់។
លោក ហ៊ុន សាមុត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិតជាតិ នាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការ ពង្រឹង និងពង្រីកបាននូវធនធានមនុស្ស ដើម្បីធ្វើការអភិវឌ្ឍវិស័យកីឡាអុកចត្រង្គនៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិក៏ដូចសំដៅលើឆាកអន្តរជាតិនានា ។ទន្ទឹមនឹងនេះ តួនាទីរបស់លោកគ្រូទាំងអស់ដែលជាសិក្ខាកាមបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះត្រូវដើរតួយ៉ាងសំខាន់ក្នុងការកសាងធនធានកីឡាករ-កីឡាការិនីឆ្នើម ដើម្បីសម្រេចបានចក្ខុវិស័យរបស់ CAMSOC ក៏ដូចជាសហព័ន្ធខ្លួនផ្ទាល់ និងប្រជាជនកម្ពុជាទាំងអស់ដែលកំពុងទន្ទឹងរងចាំនូវលទ្ធផលដ៏ល្អនេះ។
លោកបន្តថា អុកចត្រង្គជាកេរមរតករបស់ដូនតាខ្មែរយើង គឺជាប្រភេទកីឡាដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) ជ្រើសរើសបញ្ចូលទៅក្នុងប្រភេទកីឡាមានសក្ដានុពល និងមានប្រជាប្រិយភាពខ្ពស់មួយក្នុងចំណោម១៧ប្រភេទកីឡារបសកម្ពុជាសម្រាប់ការប្រកួតកីឡាSEA GAMES លើកទី៣២ មានន័យថា គឺជាប្រភេទកីឡានឹងត្រូវទទួលបានចំណាត់ល្អក្នុងការដណ្ដើមមេដាយមាសក្នុងព្រឹត្តិការណ៍នោះ៕