សម្តេចតេជោ ដាក់បទបញ្ជាឲ្យអាជ្ញាធរ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ដ្រ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់ និងដឹកនាំកម្លាំងត្រៀមចេញជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ដ្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ពីគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារតាមបណ្តាខេត្តមួយចំនួន។
ការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី បានឱ្យដឹងយ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ ដែលបាននិងកំពុងកើតមាន នាពេលបច្ចុប្បន្ន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ»៕