ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក៖ «គ្មានការតស៊ូមតិជុំទី២រវាងលោក ត្រាំ និងលោក បៃដិន នោះឡើយ, ជុំចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា»

73

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តាមរយៈអ៊ីមែលរបស់ CPD បានគូសបញ្ជាក់ថា «ឥឡូវនេះវាច្បាស់ណាស់ថា នឹងគ្មានការជជែកដេញដោលជុំទី ២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះទេ ហើយយើងនឹងបង្វែការយកចិត្តទុកដាក់របស់យើង ទៅលើការរៀបចំសម្រាប់ការជជែកដេញដោលចុងក្រោយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែតុលាខាងមុខនេះវិញ»

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដកខ្លួនចេញពីការជជែកដេញដោលជុំទី ២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ បន្ទាប់ពីវាត្រូវបានផ្លាស់ប្ដូរមកធ្វើតាមរយៈប្រព័ន្ធអនឡាញ (ពីចម្ងាយ) វិញ ដើម្បីការពារនឹងការឆ្លងរីករាលដាលនៃ COVID-19។ នៅក្នុងបទសម្ភាសន៍តាមរយៈទូរស័ព្ទ ជាមួយសារព័ត៌មាន Fox Business លោក ត្រាំ បាននិយាយថា «ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលារបស់ខ្ញុំ លើការជជែកដេញដោលបែបនេះឡើយ។ នោះគឺមិនមែនជាការជជែកដេញដោលទេ ដែលយើងត្រូវអង្គុយនៅខាងក្រោយកុំព្យូទ័រ ហើយធ្វើការជជែកដេញដោលគ្នា វាគួរឱ្យអស់សំណើចណាស់»

គួរជម្រាបថា ការជជែកដេញដោលជុំទី ២ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ នៅទីក្រុង ម៉ៃអាមី (Miami) នៃរដ្ឋ ហ្វ្លរីដា (Florida) ប៉ុន្តែត្រូវបានផ្អាកដំណើរការវិញ ដើម្បីការពារនឹងការឆ្លងរាលដាលនៃ COVID-19៕

អត្ថបទដែលជាប់ទាក់ទង