អង្គភាពយោធាកូរ៉េ ចេញសេចក្តីប្រកាសថា គ្មានការលើកលែងសម្រាប់ក្រុម «BTS» ក្នុងការបំពេញកាតព្វកិច្ចយោធាឡើយ
(ភ្នំពេញ)៖ បើតាមសេក្តីប្រកាសជាផ្លូវការ ពីអង្គភាពយោធាកូរ៉េបានឲ្យដឹងថា ក្រុមតារាចម្រៀងបុរស K-POP ល្បីឈ្មោះបោះសំឡេង BTS មិនត្រូវបានលើកលែងក្នុងការចូលរួមបំពេញកាតព្វកិច្ចយោធា របស់ខ្លួនឡើយ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន allkpop នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
បណ្តាអ្នកគាំទ្រ និងប្រជាពលរដ្ឋនៅប្រទេសកូរ៉េ ធ្លាប់បានពិភាក្សាគ្នាថាតើ ក្រុម BTS គួរតែលើកលែងក្នុងការបំពេញកាតព្វកិច្ចយោធាឬយ៉ាងណា ពីព្រោះការបង្ហាញខ្លួនរបស់ពួកគេក្នុងវិស័យ K-POP ទាំងមូល គឺជាផ្នែកមួយលើកស្ទួយវិស័យសេដ្ឋកិច្ច និងសិល្បៈវប្បធម៌របស់កូរ៉េ។ ទន្ទឹមនឹងគ្នានេះ នៅថ្ងៃទី០៩ ខែតុលា ម្សិលមិញ អង្គភាពយោធាកូរ៉េ បានប្រកាសជាផ្លូវការថា អង្គភាពនឹងមិនគាំទ្រឡើយ សម្រាប់ការលើកលែងឲ្យក្រុមចម្រៀង BTS ក្នុងការបំពេញតួនាទីរបស់ពួកគេ ជាមួយការបំពេញកាតព្វកិច្ចយោធា។
គួរជម្រាបថា កាលពីពេលកន្លងទៅ អង្គភាពយោធាកូរ៉េធ្លាប់ផ្តល់ការលើកលែង ក្នុងការបំពេញកាតព្វកិច្ចយោធាដល់អត្តពលិកអូឡាំពិក និងតន្ត្រីករបុរាណមួយចំនួន ប៉ុន្តែពេលនេះ ហាក់បីដូចជាមិនមានការបង្ហាញឆន្ទៈណាមួយ ក្នុងការលើកលែងឲ្យសិល្បករល្បីៗក្នុងក្រុមមួយនេះឡើយ។
តែយ៉ាងណា បើតាមច្បាប់របស់ប្រទេសកូរ៉េ សមាជិកម្នាក់ៗរបស់ក្រុម BTS អាចមានសិទ្ធស្នើសុំការពន្យាពេល ចូលបំពេញកាតព្វកិច្ចយោធារបស់ខ្លួន ប្រសិនបើពួកគេមានបំណងចង់ពន្យារពេល។ ប្រសិនបើ មិនសុំការពន្យារពេលនោះទេ លោក Jin ដែលជាសមាជិកម្នាក់ក្នុងក្រុម BTS នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធា ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ៕