អគ្គស្នងការបញ្ជូនករណីពលការិនីម្នាក់ ចាញ់បោកមេខ្យល់បម្រើការនៅប្រទេសចិន ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដើម្បីជួយរំដោះនារីរោងគ្រោះ
ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញព័ត៌មានលើបណ្ដាញទំនាក់ទំនងសង្គមមានករណីពលការិនីម្នាក់ ដែលត្រូវបានមេខ្យល់បោកឲ្យទៅបម្រើការងារនៅប្រទេសចិន ហើយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងករណីខាងលើ អនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្រុមការងារប្រតិកម្មរហ័សបានបញ្ជូនករណីនេះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បី ជួយអន្តរាគមន៍ដោះស្រាយ ពិសេសសំដៅជួយពលការិនីខាងលើ ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចាត់កម្លាំង ជំនាញធ្វើការទំនាក់ទំនងជាមួយពលការិនីរងគ្រោះ ដើម្បីរកអាសយដ្ឋានពិតប្រាកដដែលកំពុងស្នាក់នៅឯប្រទេសចិនហ្នឹង បានកំពុងបន្តស្វែងរក សាច់ញាតិរបស់ពលការិនីនៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឈានដល់ការអន្តរាគមន៍នាំយកនារីរងគ្រោះ ត្រឡប់មកប្រទេសកម្ពុជាវិញ។
ជាមួយគ្នានេះកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននិងកំពុងសហការជាមួយអង្គការដៃគូ និងស្ថាប័ន ពាក់ព័ន្ធដើម្បីជួយរំដោះនារីរោងគ្រោះស្របតាមនីតិវិធី៕