ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន

89

 

​ភ្នំពេញ​៖​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន នា​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ បន្ទាប់ពី​ឯកឧត្តម​បាន​អញ្ជើញ​មកដល់​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​។​

​បន្ទាប់ពី​បានមក​ដល់​ប្រទេស​កម្ពុជា លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធាន​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​លោក វ៉ាង យី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មកដល់​ព្រលានយន្តហោះ​ប្រទេស​កម្ពុជា នៅវេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ តប​តាម​ការអញ្ជើញ​របស់ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា​។​

​អំឡុង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ ក្រៅពី​ជួបពិភាក្សា​ជាមួយ លោក ហោ ណាំហុង​, ប្រមុខ​ការទូត​ចិន​រូបនេះ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់​០២​ទៀត រួមមាន​៖ លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក វ៉ាង យី បាន​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ជា​មិត្ត​ទី​២​ហើយ ដែល​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ក្នុង​បរិបទ​នៃ​ការយាយី​ដោយ​ជំងឺ​កូ​វីដ​១៩ ក្នុង​ឆ្នាំ​២០២០​។ ភ្ញៀវ​បរទេស​ទី​១ ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែសីហា កន្លងទៅនេះ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបង្ហាញ​ការកត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុន​៕​

អត្ថបទដែលជាប់ទាក់ទង