នៅមិន ប៉ុន្មានម៉ោងទៀតទេ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងស្រកអស់មកជាធម្មតាវិញហើយ
ភ្នំពេញា៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានបញ្ជាក់ឲ្យដឹងថា នៅសល់ប្រមាណជា៣ទៅ ៤ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅរសៀលថ្ងៃទី ១២ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងស្រកអស់មកជាធម្មតាវិញ ខណៈដែរក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពន់ ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពីរសៀលនិងយប់ថ្ងៃទី ១១ខែតុលា ដោយចាប់ពីម៉ោង២និង៣០នាទីរសៀលរហូតដល់ម៉ោង១រំលងអាធ្រាត។
ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពស្ថានីយបូមទឹកបឹងទំពន់នាព្រឹកថ្ងៃទី ១២ខែតុលានេះ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាខណៈដែលយើងប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន ០៣កន្លែង នោះគឺបិទទ្វាទឹក នៅប្រឡាយបារាំង
នៅបឹងសាឡាងនិងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ។
លោកបន្តទៀតថា ក្រោយពីក្រុមការងារបានសំរុកបូមទឹកនៅ នៅស្ថានីយបឹងទំពន់នេះ ឃើញថា ទឹកបានស្រកចុះមួយចំនួនធំហើយ ពិសេសនៅមុខម៉ុងឌីយ៉ាល់ក៏បានស្រកអស់ផងដែរ ហើយវានឹងបន្តស្រក់នៅតំបន់មួយចំនួនទៀត ។
លោកឃួង ស្រេងក៏បានបញ្ជាក់ទៀតថា បើមានភ្លៀងខ្លាំងបែបនេះទៀត គឺយើងបានត្រៀមរួចរាល់ហើយ ទាំងបញ្ជាការដ្ឋានអង្គរក្សដែលមានម៉ាស៊ីនជួយអន្តរាគមន៍ ១០ទៅ២០គ្រឿង ដើម្បីស្ដារស្ថានភាពឲ្យមកដំណើរការជាធម្មតាវិញ ។
ក្នុងនោះដែរ លោកឃួង ស្រេងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញដោយសារការលិច លង់នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងខ្លាំងខ្លាំងណាស់ដើម្បីដោះស្រាយលើការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយសារតែភ្លៀង ដែលបានអូសបន្លាយរយៈពេលយូរនេះ។
លោកបន្តថា គ្រោះធម្មជាតិកាលពីយប់មិញជាគ្រោះធម្មជាតិមួយដែលរាជធានីភ្នំពេញរបស់យើងមិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀតក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។ លោកថា ឆ្នាំខាងមុខយើងនឹងយកកម្រិតទឹកភ្លៀងនៅពេលនេះធ្វើជា ទេហិយកដើម្បីរៀបចំ ម៉ាស៊ីនបូមទឹក ប្រឡាយ អាងស្តុកទឹកឱ្យមានស្ថេភាពល្អប្រសើរទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវ៣៧១ នៅចំណុចស្ថានីយបឹងទំពន់នេះ កាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញបានបង្ខំចិត្តក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្ន ហើយបានដាក់ឲ្យដំណើរការឡើងវិញកាលពីព្រឹកថ្ងៃទី១២ តុលានេះហើយស្ថានភាពនៅស្ថានីយ៍នេះឃើញថា មានលក្ខណៈល្អប្រសើរឡើងវិញហើយ៕