ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ណែនាំអោយកម្លាំងរាជអាវុធហត្ថបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា

74

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបន្តណែនាំដល់កងកម្លាំងរាជអាវុធហត្ថឱ្យបន្តជួយការងារសង្គម និងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា  ដើម្បីធានាបានសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្តក្នុងម្លប់សន្តិភាព

   ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២តុលានេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដែលមានទីតាំងនៅមុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

   លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានលើកឡើងថា កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបន្តត្រៀមលក្ខណៈជាប់ជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋានលើការងារជួយសង្គ្រោះ ក្នុងហេតុការណ៍ណាមួយដូចជាគ្រោះមហន្តរាយ គ្រោះអគ្គីភ័យនិងការ អន្តរាគមន៍ចំពោះករណីគ្រោះទឹកជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយថាហេតុ

   លោកបានបញ្ជាក់ថា កិច្ចការងារជួយសង្គមបន្ថែមនេះ  គឺបានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានជាច្រើន ខណៈដែលកងកម្លំាងរាជអាវុធហត្ថរាជធានីភ្នំពេញបានបំពេញការងារស្នូររបស់ខ្លួនយ៉ាងសកម្ម ដូចជាការបង្រ្កាបបទល្មើសនិងបញ្ហាអសន្តិសុខ នានា សង្គម ដែលធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

   លោកអភិបាលរាជធានីភ្នំពេញក៏បានបន្តអំពាវនាវដល់កម្លំាងសមត្ថកិច្ចនេះឱ្យត្រៀមលក្ខណៈជួយអន្តរាគមន៍ ការពារសុវត្ថិភាពសង្គម និងការពារសន្តិភាពឱ្យបានគង់វង្ស ខណៈដែលក្រុមជ្រុលនិយម នៅក្រៅច្បាប់មិនទាន់លះបង់គំនិតបំផ្លាញសេចក្តីសុខ និងសុខសន្តិភាពរបស់កម្ពុជានៅឡើយទេ។

ជាក់ស្តែងមេដឹកនាំសហជីពខ្លះមួយចំនួនបានបំផុសឱ្យកម្មករ ការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើកូដកម្មមិនចូលធ្វើការងារ ក្រោមហេតុផលមិនសមរម្យនិងមានចរឹកនយោបាយញុះញ៉ុង រុញឱ្យខ្លោចដុតឱ្យឆៅ ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗផ្ទុយពីច្បាប់

   លោកក៏បាន ណែនាំឱ្យកម្លំាងសមត្ថកិច្ចទំាងអស់មិនត្រូវធ្វេសប្រហែសបានឡើយ ដោយត្រូវគោរពតាមបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមការពារកុំឱ្យពួកក្រុមឧទ្ទាម ពួកក្បត់ជាតិបានសម្រេចបំណងប្រាថ្នាបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត កម្លាំងប្រដាប់អាវុធយើងមិនត្រឹមតែបំពេញការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងត្រៀមអន្តរាគមន៍ដ៏មានប្រសិទ្ធភាពលើកគ្រប់ភារកិច្ចសង្គមទាំងអស់ ។ត្រៀមរង់ចាំអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងករណីផែនការទប់ស្កាត់វិលត្រឡប់ចូលស្រុកជាលើកទី២ របស់ទណ្ឌិត សមរង្ស៊ីនិងបក្សពួក ដើម្បីធានាប្រក្រតីភាពសង្គម រក្សាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងធានាបាននូវការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះមេក្លោងបដិវត្តពណ៌  »

   លោក នាយឧត្តមសេនីយ៍  សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ផងដែរថា កងរាជអាវុធហត្ថទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថានាពេលខាងមុខសភាពការណ៍ពិបាកនឹងសន្និដ្ឋាន ដោយសារជំងឺកូវីដ១៩និងឧបាយកលបំផ្លាញសន្តិភាពមិនដឹងថាបទល្មើសអ្វីខ្លះវានឹងអាចកើតមានឡើង ពិសេសត្រូវយកចិត្តទុកដាក់លើវិធានការតាមដានក្តាប់ឱ្យជាប់នូវរាល់ព័ត៌មានប្រែប្រួល ការងារអប់រំពង្រឹងផ្នែកនិតិវិធី ធ្វើជាគំរូល្អសម្រាប់ការគោរពវិន័យកងទ័ព គំរូក្នុងការប្រតិបត្តិច្បាប់ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងប្តេជ្ញាការពារដាច់ខាតច្បាប់រដ្ឋធមនុញ្ញ

  ដើម្បីសម្រេចបានភារកិច្ចទំាងអស់នេះលោក សៅ សុខាបានដាក់ទិសស្លោក ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ។ចំពោះប្រទេសជាតិវិញត្រូវតែការពារ បម្រើប្រជាពលរដ្ឋហើយរាល់បទល្មើសត្រូវតែបង្រ្គាប

   លោកបានបញ្ជាក់ថា ដើម្បីអនុវត្តន៍នូវតួនាទីនិងភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន កំណត់យកកិច្ចការអាទិភាពចំនួន ធ្វើជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាព មានដូចជា ការហូបចុក សម្លៀកពាក់ ការសាងសង់សំណង់អាគារសម្រាប់ស្នាក់នៅធ្វើការរៀនសូត្រ ការថែទាំសុខភាព ការអប់រំហ្វឹកហ្វឺននិងរៀនសូត្រ ការធានាមធ្យោបាយធ្វើដំណើរឧបករណ៍សម្ភារគ្រឿងបំពាក់និងកម្សាន្តលំហែ គោលនយោបាយលើកទឹកចិត្ត ព្រមទាំងដោះស្រាយនូវពេលជួបទុក្ខលំបាក

 

 

អត្ថបទដែលជាប់ទាក់ទង