អំពាវនាវឱ្យកម្មករក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឱ្យបាត់បង់ប្រាក់អត្ថប្រយោជន៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី ដោយអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀតដែលនាំឱ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានា របស់បងប្អូនដែលច្បាប់កំណត់។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី នៅបន្តធ្វើកូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាមនៅឡើយ លើកលែងតែកម្មករផ្នែកបោសសម្អាត ផ្លូវប៉ុណ្ណោះ ដែលបានចូលធ្វើការវិញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងក្រុមហ៊ុន ស៊ីនទ្រី និងបងប្អូន កម្មករនិយោជិតជាច្រើនលើក ច្រើនសា រហូតទទួលបានការព្រមព្រៀងគ្នារួចហើយ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានបងប្អូនកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនគោរពឡើយ ហើយនៅតែបន្តទាមទារនូវអត្ថប្រយោជន៍នានាខុសច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុំអាចធ្វើអន្តរាគមន៍ជូនបានឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឱ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានា របស់បងប្អូនដែលច្បាប់កំណត់។ ក្នុងករណី បងប្អូនចូលបម្រើការងារវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុ អង្គប្រជុំកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុបជាបន្តបន្ទាប់ ដើម្បីប្រមូលសំរាមដែលមានការកកស្ទះនៅរាជធានីភ្នំពេញ ឱ្យអស់ពីសមត្ថភាពលទ្ធភាពដែលមាន។ ឆ្លៀតឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមទាំងនេះ នៅតាមកន្លែងស្តុកបណ្តោះអាសន្ន ដែលខណ្ឌ សង្កាត់នីមួយៗបានកំណត់៕