សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២០)
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២០) ។ អាស្រ័យស្ថានភាពធាតុអាកាសបែបនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និង សូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ។ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងឆ្នាំក់ច្រើនលាយឡំ ខ្យល់បក់ខ្លាំង និង រលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ។
យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុ ឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា ។ នៅលើសមុទ្រចិនខាងត្បូងបានកើត ព្យុះទី១៦ (Tropical Storm ) ឈ្មោះ ណាងកា (NANGKA) ។ តាមការព្យាករណ៍ព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះ ហៃណាំ មុននឹងចូលដល់ភាគខាងជើងវៀតណាម នៅថ្ងៃទី ១៥ ខែតុលា ។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី ១៦-១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថា ជាព្យុះទី១៧ ឈ្មោះ សូដែល ( SAUDEL ) ដែលមាន កម្លាំងខ្លាំង ។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុចគីញើន ( Qui Nhon ) រួចបន្ថយឥទ្ធិពល ជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនគិរី នាថ្ងៃទី ១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីតិចទៅ បង្គួរ ។ នៅថ្ងៃទី១៨-១៩ ខែតុលា បណ្តាលខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ព្យ និងភាគខាងជើងនឹងអាចមានភ្លៀងពីបង្គួរទៅច្រើន ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំខ្យល់ បក់បោក និងរលកសមុទ្រខ្ពស់ៗ៕