វៀតណាមរងឥទ្ធិពលពីព្យុះទីហ្វុងមួយទៀត ខណៈមនុស្សស្លាប់កើនដល់ ២៣នាក់ និងបាត់ខ្លួន១៤នាក់
(ហាណូយ)៖ អាជ្ញាធរឧតុនិយមវៀតណាមបានឲ្យដឹងថា ព្យុះទីហ្វុងណាងកា (Nangka) នៅសមុទ្រចិនខាងក្នុង បានបង្កឲ្យភាគកណ្តាល និងខាងជើងប្រទេសអាស៊ានមួយនេះ រងឥទ្ធិពលជាបណ្តើរហើយ ដោយវានឹងបង្កឲ្យមានខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក ចាប់តាំងពីថ្ងៃអង្គារនេះរហូតដល់ថ្ងៃពុធស្អែក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express ព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។
ព្យុះខាងលើនេះនឹងធ្វើដំណើរទៅដល់ភាគកណ្តាល និងខាងជើងវៀតណាមនៅរសៀលថ្ងៃពុធស្អែកនេះ ជាមួយនឹងល្បឿនរហូតដល់ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាក៏នឹងជះឥទ្ធិពលដ៏ខ្លាំងក្លា ទៅលើតំបន់ឆ្នេរភាគអាគ្នេយ៍នៃខេត្តហៃណាន (Hainan) របស់ប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា Nangaka គឺជាព្យុះកំណាចថ្មីមួយទៀត ដែលនឹងមានឥទ្ធិពលខ្លាំងមកលើវៀតណាម បន្ទាប់ពីបណ្តាខេត្តភាគកណ្តាលរបស់វៀតណាម ទើបទទួលការវាយប្រហារដោយខ្យល់ព្យុះលីហ្វា (Linfa) ដែលបានឆក់យកជីវិតមនុស្ស ២៣នាក់ និង ១៤នាក់ទៀតបន្តបាត់ខ្លួន។ ព្យុះទីហ្វុង Nangaka នឹងមានឥទ្ធិពលលើភាគកណ្តាល និងខាងជើងប្រទេសវៀតណាម ព្រមទាំងបណ្តាខេត្ត-ទីក្រុង ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិនផងដែរ៕