បើកកិច្ចប្រជុំណែនាំនីតិវិធី ចំណាយរបស់សហព័ន្ធកីឡាជាតិ៤១ ដែលទទួលថវិកាគាំទ្រ២០២០របស់ក្រសួងអប់រំ
ភ្នំពេញ៖នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោកអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំណែនាំនីតិវិធីរៀបចំវគ្គបណ្តុះបណ្តាល ការប្រកួតជើងឯកថ្នាក់ជាតិ និងរបាយការណ៍របស់សហព័ន្ធកីឡាជាតិទទួលថវិកាគាំទ្រ២០២០របស់ក្រសួងអប់រំ យុវជន និងកីឡានៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
លោក ម៉ិល កាដូ បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិចំនួន២១ទទួលបានថវិកាគាំទ្រ២០២០របស់ក្រសួងអប់រំ យុវជន និងកីឡាត្រូវតែដឹងច្បាស់ពីការចំណាយថវិកាដែលកំណត់ជា៣មុខសញ្ញាចំណាយ គឺការងាររដ្ឋបាល២០ ភាគរយ ការងារបណ្ដុះបណ្ដាល៣៥ភាគរយ និងការងារប្រកួត៤៥ភាគរយរបស់សហព័ន្ធកីឡាជាតិនីមួយៗ។
លោកបន្តថា ដោយអនុវត្តតាមកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបានផ្តល់ថវិកាគាំទ្រ ដល់សហព័ន្ធកីឡាជាតិក្នុងឆ្នាំ២០១៧ មានចំនួន២១សហព័ន្ធ ឆ្នាំ២០១៨ មានចំនួន ៣៤សហព័ន្ធ និងឆ្នាំ២០១៩ មានចំនួន៤០សហព័ន្ធ ដោយឡែកក្នុងឆ្នាំ២០២០នេះ សហព័ន្ធជាតិចំនួន៤១ទទួលបានការគាំទ្រ។
ដោយពិនិត្យរបាយការណ៍ចំណូល ចំណាយឆ្នាំកន្លងមក សហព័ន្ធកីឡាជាតិមួយចំនួន ពុំទាន់អនុវត្តបានត្រឹមត្រូវតាមនិតិវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានណែនាំ ដូចនេះនាយកដ្ឋានអប់រំកាយ និងកីឡា រៀបចំការប្រជុំនេះឡើង ក្នុងគោលបំណង ជួយបង្ហាញ ដល់មន្ត្រីសហព័ន្ធ ដែលទទួលភារកិច្ច ផ្នែកផែនការហិរញ្ញវត្ថុ និងគណនេយ្យ ដើម្បីធានាបាននូវ ការអនុវត្តតាមនិតិវិធីចំណាយថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចុះកិច្ច ព្រមព្រៀងជាមួយសហព័ន្ធជាតិជារៀងរាល់ឆ្នាំ៕