កម្មករក្រុមហ៊ុន ស៉ីនទ្រី ព្រមចូលធ្វើការវិញទាំងអស់គ្នា នៅល្ងាចថ្ងៃ១៤តុលានេះ
ភ្នំពេញ៖ កម្មករនិយោជិតក្រុមហ៊ុនស៉ីនទ្រី ដែលបានធ្វើកូដកម្មអស់ជាង១០ថ្ងៃកន្លងមកនេះ បានឈានដល់ការព្រមចូលធ្វើការងារវិញទាំងអស់គ្នាហើយ ក្រោយពីជួបប្រជុំដោះស្រាយតាំងពីរសៀល រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ហើយកម្មករទាំងអស់នឹងចាប់ផ្តើមប្រមូលសំរាមនៅល្ងាចនេះ។
នេះបើតាមការបញ្ជាក់ពីលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ។
លោកបញ្ជាក់ថា ៖ការយល់ព្រមចូលធ្វើការវិញនេះ គឺក្រោយពីការណែនាំនិងសម្របសម្រួល និងស្វែងរកដំណោះស្រាយយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សម្រាប់កិច្ចប្រជុំដោះស្រាយជាលើកទី២នេះ លោកកើត ឆែនិងលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងការងារ ទើបសម្រេចបានជាផ្លែផ្កានាល្ងាចនេះ ដោយកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៉ីនទ្រី ដែលធ្វើកូដកម្មទាំងអស់នោះ បានយល់ព្រមចូលធ្វើការវិញ ទៅតាមតួនាទីរបស់ពួកគេរៀងៗខ្លួន ។
សូមរំលឹកថា ៖ក្នុងអង្គប្រជុំរកដំណោះស្រាយ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងម្តងរួចមកហើយ ប៉ុន្តែនៅថ្ងៃបន្ទាប់មិនទាន់ ចូលធ្វើការទើបតែនៅពេលនេះ បានព្រមព្រៀងចូលធ្វើការវិញដោយអនុវត្តការងារចាប់ពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។
កម្មករនិយោជិតក្រុមហ៊ុនស៉ីនទ្រី ដែលបានធ្វើកូដកម្មកាលពីថ្ងៃទី២តុលាកន្លងមក៕