ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួ​ង ស្រេង សម្រេច​បិទផ្លូវ​លេខ ២១៧ ជិត​រង្វង់​មូល​កួរស្រូវ​ជា​បណ្ដោះអាសន្ន ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ខ្លាំង​

63

 

​ភ្នំពេញ​៖ បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​អធ្យាស្រ័យ និង​ចូលរួម​សហការ​ពង្វាង​ចរាចរ​ផ្លូវ​២១៧ ចំណុច​ផ្លូវបំបែក​ភ្លើងស្ដុប​ស្ពាន​ព្រែក​ជ្រៃ ទៅ​រង្វង់​មូល​នាង​គួរ​ស្រូវ ស្ថិតក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ទឹកស្ទឹង​ព្រែក​ត្នោត​ហូរ​កាត់​លើផ្លូវ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​នៅ​យប់​ថ្ងៃទី​១៤ ខែតុលា​នេះ​ថា ឥឡូវនេះ​លោក​បាន​បញ្ជា​ឱ្យ​ក្រុមការងារ​បិទ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវ​លេខ ២១៧ នៅក្បែរ​រង្វង់​មូល​កួរស្រូវ ស្ថិតក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សុវត្ថិភាព​អ្នកដំណើរ និង​ប្រជាពលរដ្ឋ ខណៈ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​កំពុង​ហូរ​កាត់​ផ្លូវ​នេះ​យ៉ាងខ្លាំង​។​

​ការជូនដំណឹង​បឋម​នេះ​ក៏​ជាការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ធ្វើដំណើរ​កាត់​កំណាត់​ផ្លូវ​នេះ សូមមេត្តា​វាង​ទៅ​ផ្លូវ​ផ្សេង​ដោយ​ក្ដី​អនុគ្រោះ​។​

​សូមជម្រាបថា នៅ​យប់​ថ្ងៃទី​១៤ ខែតុលា​នេះ​លោក ឃួ​ង ស្រេង បាន​ចុះទៅពិនិត្យ​ស្ថានភាព​ទឹក​លើផ្លូវ ២១៧ និង​ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត​ផងដែរ ដើម្បី​តាម​តាន​ស្ថានការណ៍​ការពារ​កុំឱ្យ​ពលរដ្ឋ​រងគ្រោះថ្នាក់​ជាយ​ថា​ហេតុ​៕​

អត្ថបទដែលជាប់ទាក់ទង