ប្រកាសព័ត៌មាន ស្តីពីលទ្ធផលទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២០។
បើតាមសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាច្រកកម្ពុជា នៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២០ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត និងរួមគ្នាជំរុញ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ជាសកល និងការស្តារឡើងវិញនូវកំណើន សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម វ៉ាង យី បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបសម្តែងការគួរសម សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទោះបីជាជំង កូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ពិភពលោកយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមិនអាចបំផ្លិចបំផ្លាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង ចិនបានឡើយ ។ សម្តេចតេជោ បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដែលមិន ត្រឹមតែទទួលបានជោគជ័យក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ សហគមន៍អន្តរជាតិ ក្រោយពេលវិបត្តិកូវីដ-១៩ តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ ឧបករណ៍វេជ្ជសាស្ត្រ និងការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ ព្រមទាំងខិតខំស្តារសេដ្ឋកិច្ចឡើងវិញទាំងក្នុងពេល និងក្រោយពេលវិបត្តិកូវីដ -១៩ ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់ជំនួយដល់កម្ពុជា និងអបអរសាទរការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមានសារសំខាន់យ៉ាងខ្លាំងក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ។
ឯកឧត្តម វ៉ាង យី បានលើកឡើងថា ដោយចិនចាត់ទុកកម្ពុជាជាមិត្តដែកថែប និងគិតដល់ សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឯកឧត្តម បានជ្រើសយកប្រទេសកម្ពុជាជាប្រទេសទីមួយសម្រាប់ ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍នេះ ។ ឯកឧត្តម ក៏បានកោតសរសើរ និងអបអរសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលបានដាក់ចេញនូវ វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។ បន្ទាប់ពីជំនួបសម្តែងការគួរសម សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំអាហារថ្ងៃត្រង់ទទួល ឯកឧត្តម វ៉ាង យី និងគណៈប្រតិភូ ។
ក្នុងជំនួបរវាងឯកឧត្តម វ៉ាង យី ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ជីការងារអនុវត្តបន្ត ដែលត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំ លើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើភាគីចិនបង្កើនការនាំចូលកសិផលកម្ពុជា ដូចជា ចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទីឱ្យបានច្រើនបន្ថែមទៀត ព្រមទាំងស្នើឱ្យមិត្តចិនជួយទិញ ម្រេច ទុរេន ស្ករស និងមៀនក្រអូប ជាដើម ។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តវិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើន។
នៅក្នុងជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ។ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ទោះបីជាកម្ពុជា និងចិនប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ យ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែ រឹងមាំ និងប្រកបដោយផ្លែផ្កា។ ជាក់ស្តែង គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នៅតែបន្តដំណើរការយ៉ាងសកម្ម ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់អំពីសារសំខាន់ នៃការពង្រឹងពហុភាគីនិយម ដើម្បីរក្សា សន្តិភាព និងវិបុលភាពសកលលោក និងដោះស្រាយបញ្ហាប្រឈមរួម ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីអំពីជំហរកម្ពុជាគាំទ្រ “គោលនយោបាយចិនមួយ – ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់ចិនចំពោះកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងការលើកកម្ពស់តួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការគាំទ្ររបស់ចិន ចំពោះមជ្ឈភាពរបស់អាស៊ាន ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអបអរសាទរខួប ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួប១ឆ្នាំ នៃការបង្កើតសហគមន៍វា រួមកម្ពុជាចិន ។
ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានឯកភាពលើកកម្ពស់ការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពបន្តជំរុញកិច្ចសហការ យ៉ាងជិតស្និទ្ធលើវិស័យនយោបាយ សន្តិសុខ ការប្រឆាំងនឹងការជួញដូរមនុស្ស ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ ភាគីកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមសកលរបស់ចិន ស្តីពីសុវត្ថិភាពទិន្នន័យ ដើម្បីកិច្ចការពារសន្តិសុខបច្ចេកវិទ្យា និង ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសម្រាប់ទាំងអស់គ្នា។ ឯកឧត្តម វ៉ាង យី បានលើកទឹកចិត្តឱ្យផ្នែកឯកជន កម្ពុជាចូលរួមការតាំងពិព័រណ៍នាំចូលអន្តរជាតិរបស់ចិនលើកទី៣ នៅប្រទេសចិន ដើម្បីផ្សព្វផ្សាយ ពីផលិតផលនិងសេវាកម្មកម្ពុជា ។
នៅក្នុងឱកាសទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី ឯកសារសំខាន់ៗចំនួនបួន ត្រូវបានចុះហត្ថលេខា រួមមាន៖ (១) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (២) កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ហិរញ្ញប្បទានឥតសំណងចំនួន៩៥០លានយ័ន (ប្រមាណ១៤០ លានដុល្លារអាមេរិក) (៣) លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង (៤) លិខិតប្ដូរសារស្តីពីការសិក្សា សមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ពិធីចុះហត្ថលេខា និងពិធី ប្រគល់ឧបករណ៍ធ្វើតេស្តកូវដ-១៩ (DNARNA Extraction) ដល់កម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ាង យី ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងទ្វេភាគី លើកដំបូងរបស់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យពាណិជ្ជកម្មទ្វេភាគី អាច ឈានដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣៕