បិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា, និងផ្លូវជាតិលេខ២១បេ
កណ្តាល៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា, និងផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់។
ការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនេះ យោងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មានកិត្តយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ មេត្តាជ្រាបថា ៖ ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជនឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹក លិចកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តកណ្តាល ស្ថានភាពបែបនេះធ្វើឲ្យផ្លូវ -ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់ រថយន្តដឹកទំនិញធុនធំបានទេ ។ ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទ ចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា, និងផ្លូវជាតិលេខ២១បេ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មាន សេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវ-ស្ពានកុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវ-ស្ពាន ឲ្យប្រើប្រាស់បានយូរអង្វែង៕